(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាថ្មីនៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីនអន ៣) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដែលទីតាំងនេះ គឺជាសាខាទី២៦៤ របស់ធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។
ធនាគារអេស៊ីលីដា ត្រូវបានពង្រីកសាខាថ្មីជាបន្តបន្ទាប់ ហើយសម្រាប់ការពង្រីកសាខាដល់ផ្សារទំនើបអ៊ីអនមានជ័យនេះ គឺដើម្បីបង្កើនលទ្ធភាព ក្នុងការផ្តល់សេវាកម្មឱ្យអតិថិជនដល់ទីកន្លែង ដែលកាន់តែរហ័ស និង មានសុវត្ថិភាព។
បើតាមអ្នកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដា សាខាផ្សារទំនើបអ៊ីអនមានជ័យ លក្ខណៈពិសេសរបស់ធនាគារអេស៊ីលីដាសាខាថ្មីនេះ គឺការផ្តល់សេវាកម្មឱ្យអតិថិជន បានជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទានអ្វីក៏ដោយ។
លោកស្រីបញ្ជាក់ថា «សម្រាប់អតិថិជន គឺមានភាពងាយស្រួល។ បានន័យថា ថ្ងៃបុណ្យ! ថ្ងៃឈប់សម្រាកពីការងារសាធារណជនអាចមកទទួលសេវាកម្មនៅធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន»។
អ្នកស្រី ពិសី បានបញ្ជាក់ទៀតថា ចំពោះអ្នកដែលទំនេរពីការងារនាពេលល្ងាច ក៏អាចមកទទួលសេវាកម្មនានា របស់ធនាគារអេស៊ីនៅសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបានផងដែរ។
ជាមួយគ្នានេះអ្នកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា បានលើកឡើងថា ការពង្រីកសាខាធនាគារអេស៊ីលីដានៅអ៊ីអនមានជ័យនេះ គឺជាការដើរតាមអតិថិជនគោលដៅរបស់ខ្លួន ដែលមានការកើនឡើងជាលំដាប់ ខណៈផ្សារទំនើបអ៊ីអន ជាដៃគូយុទ្ធសាស្រ្តរបស់អេស៊ីលីដា។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះ «ផ្សារទំនើបអ៊ីអន ត្រូវបានពង្រីកដល់ទីណា សេវាកម្មធនាគាររបស់យើងក៏ត្រូវតែដល់ទីនោះដែរ ដើម្បីតាមបម្រើដៃគូរបស់យើង ក៏ដូចជាបម្រើអតិថិជនរបស់ធនាគារយើង»។
លោកស្រី សុខ សោភា បន្តថា ជាយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា នឹងត្រូវបានពង្រីកទីតាំង ឬសាខានៅគ្រប់ទីកន្លែងនិងតំបន់នានា ដើម្បីបម្រើសេវាកម្មដល់អតិថិជនរបស់ខ្លួនដែលមានដល់ជិត៤លាននាក់នៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។ ក្រៅពីការផ្តល់សេវាឱ្យអតិថិជនដោយផ្ទាល់ហើយនោះ អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) ក៏កំពុងបំពេញតួនាទីក្នុងការផ្តល់សេវាកម្មយ៉ាងល្អ រហ័ស និងងាយស្រួលដល់អតិថិជន ស្របតាមការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជាផងដែរ៕