(ភ្នំពេញ)៖ គម្រោង 60M ខំម្យូនីធីម៉ល (60M Community Mall) គឺជាផ្សារទំនើបបែបសហគមន៍ ដែលសាងសង់លើផ្ទៃដីទំហំជាង ៣ហិកតា ជាមួយនឹងផ្ទៃក្រឡាសាងសង់សរុបប្រហាក់ប្រហែល ២៥,០០០ម៉ែត្រការេ (25,000sqm) នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ស៉ីប៊ីអរអ៉ី ខេមបូឌា (CBRE Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដ៏ល្បីនៅកម្ពុជា។

ពិធីចុះអនុស្សារណៈយោគយល់គ្នា បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅអគារ Morgan Tower កោះពេជ្រ ដោយមានការចូលរួមពីលោក អ៊ូ ស្រ៊ុន ដែលជាស្ថាបនិក (Founder) នៃ 60M ខំម្យូនីធីម៉ល និងលោក Lawrence Lennon នាយកគ្រប់គ្រង ស៉ីប៊ីអរអ៉ី ខេមបូឌា។

ក្នុងនោះដែរ អ្នកតំណាងគម្រោង 60M ខំម្យូនីធីម៉ល បានឲ្យដឹងថា មូលហេតុដែលដែលធ្វើការសហការនឹងជាមួយ CBRE Cambodia គឺផ្អែកលើកត្តា ៣យ៉ាងរួមមាន៖

* ក្រុមហ៊ុនមានក្រុមការងារដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ទៅលើការរៀបចំគ្រោងការ
* ក្រុមហ៊ុនយល់ដឹងច្បាស់ពីតម្រូវការទីផ្សារ ដែលពាក់ព័ន្ធអាជីវកម្ម
* និងភាពច្បាស់លាស់ទៅលើការរៀបចំគ្រោងការ និងយុទ្ធសាស្ត្រ មុនពេលបើកដំណើរការផ្សារនាពេលខាងមុខនេះ។

គម្រោង 60M ខំម្យូនីធីម៉ល នឹងនាំយកនូវបទពិសោធថ្មីៗ ដោយរួមបញ្ជូលទាំង ភោជនីយដ្ឋានដ៏សម្បូរបែប ហាងល្បីៗ ផលិតផលចម្រុះ ផ្សារទំនើប និងផលិតផលកសិកម្មបន្លែ ផ្លែឈី ធម្មជាតិ ក៏ដូចជាសេវាកម្មធនាគារ កន្លែងកម្សាន្តសម្រាប់មនុស្សធំ និងក្មេងៗជាដើម។ ជាងនេះទៅទៀត អ្នកតំណាងគម្រោង 60M ខំម្យូនីធីម៉ល បានបន្ថែមថា លក្ខណៈពិសេសនៃផ្សារមួយនេះ គឺចំណាយដីប្រហែលជាជិត ៥, ០០០ម៉ែត្រការេ (5,000sqm) មកធ្វើជាសួនកម្សាន្តបែបធម្មជាតិដោយរចនាបទបែបទំនើបប្រទាក់ក្រឡាគ្នាពីជាន់ផ្ទាល់ដី ឡើងទៅជាន់ទី១។

ជាមួយគ្នានេះ អ្នកតំណាងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើង «CBRE មានសេចក្តីសោមនស្សរីករាយក្នុងការចុះកិច្ចព្រមព្រៀងសហការជាមួយនឹងគម្រោង 60M Mall ជាដៃគូយុទ្ធសាស្រ្តក្នុងការផ្តល់សេវាកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទីប្រឹក្សាផ្សារទំនើប និងភ្នាក់ងារជួល។ ផ្សារទំនើប 60M ខំម្យូនីធីម៉ល មានទីតាំងនៅក្នុងតំបន់ដែលមានសក្តានុពល ដែលជាភាគខាងត្បូងនៃរាជធានីភ្នំពេញ គម្រោង 60M ខំម្យូនីធីម៉ល នឹងផ្តល់ជូននូវការរចនាបទថ្មីៗ ចំណតរថយន្តធំទូលាយ និងម៉ាកល្បីៗជាតិ និងអន្តរជាតិធ្វើឱ្យគម្រោងលេចធ្លោជាគោលដៅច្បាស់លាស់សម្រាប់ផ្ដល់ជូនដល់អតិថិជន និងអ្នកដែលកំពុងស្វែងរកឱកាសក្នុងការបើកអាជីរកម្ម៕