(បរទេស)៖ កាន់តែខិតជិតគោលដៅហើយ ខណៈកំពូលខ្សែភាពយន្ត «Avatar» វគ្គ២បានយកឈ្នះភាពយន្តដាយណូស័ «Jurassic World» បានសម្រេច ដោយក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតទី៧ ក្នុងប្រវត្តិសាស្ត្រភាពយន្តជាមួយប្រាក់ចំណូល ១,៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Variety នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

កាលពីថ្ងៃទី០៩ ខែមករា Variety បានរាយការណ៍ថា ភាពយន្ត «Avatar: The Way of Water» អាចរកចំណូលបាន ១,៧ ពាន់លានដុល្លារទូទាំងពិភពលោក ធ្វើឱ្យរឿងនេះអាចយកឈ្នះភាពយន្ត «Jurassic World» ដែលរកបាន ១,៦៧ ពាន់លានដុល្លារ។ បន្ទាប់ពីការចេញផ្សាយត្រឹមតែ៤សប្តាហ៍ ភាពយន្ត «Avatar: The Way of Water» រកចំណូលបាន ៥១៧លានដុល្លារនៅអាមេរិកខាងជើង និង ១.១៩ពាន់លានដុល្លារនៅក្រៅប្រទេស។

តាមរយៈប្រាក់ចំណូលពីការលក់សំបុត្រទូទាំងពិភពលោក Avatar វគ្គ២នេះ ត្រូវបានគេដឹងថា បានក្លាយជាគម្រោងភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ ២០២២ និងជាភាពយន្តមានចំណូលខ្ពស់បំផុតទី២ក្នុងអំឡុងពេលជំងឺកូវីដ១៩រាតត្បាត បន្ទាប់ពីភាពយន្ត Spider-Man: No Way Home ក្នុងឆ្នាំ ២០២១ ដែលអាចរកចំណូលបាន ១,៩១ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា ក៏ដោយផលិតករ Avatar វគ្គ២ បានអះអាងថា ប្រាក់ចំណូលដែលលោកចង់បានពីរឿងនេះ គឺមានចំនួន២ពាន់លានដុល្លារ បើទោះបីជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ ខណៈពេលនេះ គឺរកបានខ្ទង់ ១,៧ពាន់លានដុល្លារហើយ៕