(បរទេស)៖ ទីបំផុត Apple សម្រេចបើក Apple Store ជាច្រើនក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីការប្រកាសផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មជាបន្តបន្ទាប់ចេញពីប្រទេសចិន។ ពោលគឺរបាយការណ៍ថ្មីនេះបង្ហាញថា Apple កំពុងតែប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែក និងមុខតំណែងឱ្យចូលរួមធ្វើការជាមួយខ្លួនក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Apple កំពុងជ្រើសរើសបុគ្គលិកសរុបមានចំនួន ១២មុខតំណែងនៅក្នុងទីតាំងផ្សេងគ្នាក្នុងប្រទេសឥណ្ឌាឱ្យមកធ្វើការជាមួយខ្លួនដោយក្នុងនោះរួមមាន អ្នកឯកទេសបច្ចេកទេស (technical specialists) អ្នកជំនាញពាណិជ្ជកម្ម (business experts) អ្នកគ្រប់គ្រងជាន់ខ្ពស់ (senior managers) អ្នកគ្រប់គ្រងហាង (store leader) និងអ្នកដែលមានទេពកោសល្យផ្សេងៗជាច្រើនទៀត។

យ៉ាងណាមិញជុំវិញការសម្រចបើក Apple Store ជាច្រើនក្នុងប្រទេសឥណ្ឌានេះហាក់មិនមានភាពងាយស្រួលសម្រាប់ Apple នោះទេ ដោយក្នុងនោះក្រុមហ៊ុន Apple ត្រូវតែគោរពតាមច្បាប់ដ៏តឹងរ៉ឹងរបស់ឥណ្ឌា។ ពោលគឺរាល់ iPhone ថ្មីៗត្រូវតែផលិតនៅក្នុងប្រទេសឥណ្ឌា ហើយប្រហែល ៣០ភាគរយនៃផលិតផល iPhone ដែលដាក់លក់ក្នុង Store ក៏ត្រូវតែផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរទើបអាចឈរជើងក្នុងប្រទេសនេះបាន។

តែយ៉ាងណាគេមិនទាន់ច្បាស់នោះទេ ថាតើ Apple Stores ប៉ុន្មាននឹងត្រូវបើកនៅក្នុងប្រទេសនេះ ឬនៅក្នុងទីក្រុងណាខ្លះ ប៉ុន្តែតាមការលើកឡើងពីប្រភពខាងលើ Apple ទំនងជាចេញព័ត៌មានលម្អិតឆាប់ៗខាងមុខនេះ៕