(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចកាន់ប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗចំនួន៩ ដែលនឹងផ្តល់ឱកាសការងារចំនួន៨៨៤កន្លែង ក្នុងមុខតំណែងផ្សេងៗគ្នានៅក្នុងវេទិកាការងារ ដែលសហការរៀបចំដោយភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និង ស.ស.យ.ក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការទទួលពាក្យ និងសម្ភាសន៍ការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗទាំង៩នេះ គឺធ្វើឡើងនៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៩ខាងលើនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុង​វេទិកាការងាររបស់ NEA នោះរួមមាន៖ មីក្រូហិរញ្ញវត្ថុមហានគរ ធនាគារ AEON ក្រុមហ៊ុន Habit Burger Grill ក្រុមហ៊ុន Optimal P, Master Suki soup ក្រុមហ៊ុន ORKIN ក្រុមហ៊ុន CHIP MONG ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន MR Training។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ​អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាស​ដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

វេទិកាការងារនេះដែរនឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការបង្ការអនាម័យ ស្របតាមការណែនាំរបស់​ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបាន​ឱកាសការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕