(សៀមរាប)៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍​ បានបរិច្ចាគថវិកាចំនួន ១៥​០០០ ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ ក្នុងការពិនិត្យ ព្យាបាល និងថែទាំ ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា ដល់ទារក និងកុមារក្នុងប្រទេសកម្ពុជា។

ការបរិច្ចាគនេះធ្វើឡើងនៅមន្ទីរពេទ្យកុមារអង្គរ ដោយ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យ និងមានការចូលរួមពី លោក Toshiaki Sumino, Director, Managing Executive Officer of Dai-ichi Life Holdings លោក Allen Thai នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) និងភ្ញៀវកិត្តិយសផ្សេងទៀត។

នេះជាការបរិច្ចាគលើកទី២ ដល់មន្ទីរពេទ្យកុមារអង្គរ បន្ទាប់ពីលើកទី១ ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២២ តាមរយៈយុទ្ធនាការ “បរិច្ចាគ និងការពារ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍។

លោក អាឡិន ថៃ នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) មានប្រសាសន៍ថា «យើងបានជ្រើសរើសបរិច្ចាគ ដល់មន្ទីរពេទ្យកុមារអង្គរ ពីព្រោះយើងមានតួនាទីផ្តល់ត្រឡប់ទៅកាន់សហគមន៍ ហើយដោយសារតែការងាររបស់មន្ទីរពេទ្យមន្ទីរពេទ្យកុមារអង្គរ មានភាពសមស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវក្នុងសង្គមរបស់ ដាយ អ៉ិឈិ (គោលការណ៍ DSR) ដែលរួមមាន “ការលើកកម្ពស់សុខភាព” និង “ការរួមចំណែកសង្គម” ដែលជាគុណតម្លៃ»

លោកបានបន្ថែមថា «យើងសង្ឃឹមថាការរួមចំណែកនេះ នឹងជួយមូលនិធិរបស់មន្ទីរពេទ្យឱ្យកាន់តែរឹងមាំ ជាមួយនឹងការបន្តលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព សម្រាប់ទារកកម្ពុជាជំនាន់ក្រោយ»

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា មានប្រសាសន៍ថា «ក្នុងនាមខ្ញុំតំណាងឱ្យមន្ទីរពេទ្យកុមារអង្គរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ចំពោះទង្វើប្រកបដោយមេត្តាធម៌នេះ។ មូលនិធិនេះនឹងជួយយើងក្នុងបេសកកម្ម ធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាព ដល់កុមារកម្ពុជា ដើម្បីឱ្យពួកគេមានភាពសប្បាយរីករាយ និងសុខភាពល្អ ហើយធំពេញវ័យជាមនុស្សរឹងមាំ»