(ភ្នំពេញ)៖ ក្នុងរដូវកាលដោះដូរកីឡាករ និងរៀបចំក្រុមត្រៀមរដូវកាលថ្មី ឆ្នាំ២០២៣ មានក្លិបមួយចំនួន បានចាប់ផ្ដើមរុះរើសក្រុមជាបណ្ដើរៗ ប៉ុន្ដែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាងគេ គឺក្រុមជើងឯករងលីគកំពូលកម្ពុជា វិសាខា ដែលពួកគេបានផ្លាស់ប្ដូរទ្រង់ទ្រាយធំ ពិសេសការនាំចូលអ្នកចាំទី ហ៊ុល គីមហ៊ុយ ធ្វើឲ្យក្រុមសម្បូរធនធានមួយនេះ មានអ្នកចាំទីជម្រើសជាតិ រហូតដល់ ៣នាក់ ។
គិតពីចុងឆ្នាំ២០២២ រហូតដល់ចុងសប្ដាហ៍ទី១ នៃឆ្នាំ២០២៣ ពោលគឺត្រឹមរយៈពេល ១០ថ្ងៃ វិសាខា បានធ្វើឲ្យកក្រើករដូវកាលដោះដូរកីឡា ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ ពួកគេបាននាំចូលសមាជិកថ្មី រហូតដល់ ១៣នាក់ និងបញ្ចេញ ក្នុងលក្ខខណ្ឌខ្ចីជើង និងផុសកុងត្រាចំនួន ៦នាក់ ។ ក្នុងនោះ ក៏មានកីឡាករវ័យចំណាត់ថ្នាក់ ត្រូវបានតែងតាំងជាគ្រូជំនួយផងដែរ គឺបុរសញ្ជាតិទ្រីនីដាត និងតូបាហ្គោ លោក Seon Power ។
ចំពោះសមាជិកថ្មីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នានេះ រួមមាន៖
- កីឡាករ ស រតនា, ចាន់ សារ៉ាពេជ្រ, ស៊ិន សុវណ្ណាមករា និង វឿន វ៉ា ផ្ទេរមកពីក្លិបបាល់ទាត់ខេត្តព្រៃវែង ។
- កីឡាករ មាន ចាន់រិទ្ធ, នេត ណែត និង ឈើត សាមឌី ដំឡើងមកពីក្រុមយុវជន U-18 វិសាខា ។
- អ្នកចាំទី ហ៊ុល គីមហ៊ុយ ផ្ទេរមកពីក្លិបបឹងកេត បន្ទាប់ពីអតីតយុវជនបាទីរូបនេះ បានផុសកិច្ចសន្យាមួយក្រុមនាគខៀវ។ វត្តមានរបស់ គីមហ៊ុយ ធ្វើឲ្យក្លិបវិសាខា ដែលកំពុងមានអ្នកចាំទីជម្រើសជាតិក្នុងក្រុមដល់ទៅ ៣នាក់រួមជាមួយអ្នកចាំទី កែវ សុខសិលា និង វីរៈ ដារ៉ា។
- កីឡាករ Emmanuel Junior Mbarga Nkene អតីតខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង ។ កីឡាករសញ្ជាតិកាមេរូនរូបនេះ បានសម្រេចផ្ទេរមកកាន់កីឡដ្ឋានព្រីនស៍ ក្រោយព្រមព្រៀងបញ្ចប់កុងត្រាជាមួយក្លិបចាស់ កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ។
- កីឡាករ Barret De Lima Mozinho សមាជិកក្រុមជម្រើសជាតិទីម័រខាងកើត ផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ ក្រោយចំណាយពេលជិត ១រដូវកាលលើទឹកដីខេត្តសៀមរាប ។
- កីឡាករ Takumu Nishihara ផ្ទេរមកពីក្លិបកងយោធពលខេមរភូមិន្ទ ។ រដូវកាលមុន ខ្សែប្រយុទ្ធជនជាតិជប៉ុនរូបនេះ រកបាន ២១គ្រាប់ ឈរលេខរៀងទី២ ក្នុងតារាង Top-Scorers ក្នុងក្របខណ្ឌ CPL 2022 ។
- លោក Simon McMenemy ជនជាតិស្កុតឡេន ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់វិសាខា ។ បុរសវ័យ ៤៥ឆ្នាំរូបនេះ មានបទពិសោធន៍ជោគជាំជាមួយក្រុមមួយចំនួន នៅអាស៊ាន ដោយលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិហ្វីលីពីន, ក្រុម Long An FC (លីកទី២) របស់វៀតណាម, ក្រុម PS Mitra Kukar (លីគទី៣) របស់ឥណ្ឌូនេស៊ី និងក្រុម Madura United (លីគកំពូល) របស់ឥណ្ឌូនេស៊ី, ក្រុម Loyota (អតីតក្រុមលីគកំពូលហ្វីលីពីន) និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីជាដើម។
- លោក Anthony John McMullen ត្រូវបាននាំចូលក្នុងតំណែងគ្រូបង្វឹកអ្នកចាំទី។ បុរសជនជាតិអង់គ្លេសរូបនេះ កាន់សញ្ញាបត្រ UEFA B Licence។
ក្រឡេកទៅអ្នកចាកចេញ ក្នុងលក្ខខណ្ឌខ្ចីជើង និងផុតកិច្ចសន្យាវិញ រួមមាន៖
- កីឡាករ ឈង់ ប៊ុនណាត ត្រូវបានផ្ទេរទៅក្លិបណាហ្គាវើល ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល។
- កីឡាករ រស់ សំអឿន, គី រីណា, រដ្ឋ វីរៈ និងអ្នកចាំទី សាំង ហាន់ឃុន ត្រូវបានផ្ទេរទៅក្លិបលីគទី២ ព្រៃវែងអេហ្វស៊ី ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល។
-កីឡាករសញ្ជាតិប្រេស៊ីល Paulo Victor និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jaegun ត្រូវបានចែកផ្លូវ ក្រោយផុសកិច្ចសន្យា។
នេះគឺជាការផ្លាស់ប្ដូរមួយដ៏ធំ ក្នុងចំណោមក្លិបសមាជិកលីគកំពូលកម្ពុជា។ អ្នកគាំទ្ររំពឹងថា ការរុះរើនេះ នឹងធ្វើឲ្យវិសាខា មានសង្ឃឹមឆ្ពោះទៅបង្កើតកំណត់ត្រាប្រជែងជើងឯកលីគកំពូលកម្ពុជាលើកដំបូង នារដូវកាលថ្មីខាងមុខ បន្ទាប់ពីពួកគេ ទទួលបានជោគជ័យខ្លាំងក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន តែមិនទាន់ស្គាល់ពានលីគកំពូលម្ដងឡើយ សម្រាប់រយៈពេល ៥រដូវកាល ដែលវិសាខា បានឡើងមកលេងលីគកំពូលកម្ពុជានេះ៕