(រីយ៉ាដ)៖ ក្លិបថ្មីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលស្ថិតក្នុងលីគប្រទេសអារ៉ាប៊ីសាអូឌីត ក្លិបបាល់ទាត់ Al-Nassr បានបដិសេធចំពោះកិច្ចសន្យារបស់ក្លិបជាមួយ Ronaldo នោះ មិនមានកិច្ចព្រមព្រៀងណាមួយក្នុងការចូលរួមគាំទ្រនៃការដេញថ្លៃរបស់ធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2030 នោះទេ។

របាយការបានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Ronaldo និងរកប្រាក់ខែប្រចាំឆ្នាំពីក្លិប Al-Nassr ប្រមាណជាង ១៧៧លានផោន ដែលជាចំនួនច្រើនមួយរបស់លោក។ ប៉ុន្តែសម្រាប់ក្លិប Al-Nassr បានលើកឡើងថា «សម្រាប់កិច្ចព្រមព្រៀងរបស់គាត់មិនមានការប្តេជ្ញាចិត្តចំពោះការគាំទ្រចូលរួមដេញថ្លៃ World Cup 2030 នោះឡើយ ដ្បិតគាត់បានផ្តោតសំខាន់ទៅលើក្លិបនិងជាមួយមិត្តរួមក្រុម ដើម្បីជួយក្លិបឲ្យមានភាពជោគជ័យ»

រំលឹកផងថា តាមរបាយការណ៍ Ronaldo និងបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិប Al-Nassr នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ ដោយប៉ះជាមួយក្លិប Ettifag FC ក្នុងលីគ Saudi Professional League ប៉ុន្តែមុនប្រកួតនេះក៏និងអាចបង្ហាញខ្លួនក្នុងជំនួបប្រកួតមិត្តភាពតាំងពិព័រណ៍រវាង Al-Nassrជាមួយក្លិបបារាំង PSG ដែលមានខ្សែយុទ្ធ Lionel Messi នៅទីនោះ។

បញ្ជាក់ផងថា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្ថិតក្នុងតំបន់អាស៊ីខាងលិចនេះកំពុងស្ថិតក្នុងចំណោមប្រទេសដែលបានពិចារណាលើការចូលរួមដេញថ្លៃ World Cup 2030 ជាមួយប្រទេសក្រិក និងអេហ្ស៊ីប ដែលជាប្រទេសមកពីតំបន់អាហ្រ្វិក, អឺរ៉ុប ខណៈដែលស្ថាប័ន FIFA បានបង្ហាញថា ការប្រកួតនិងមានក្រុមចូលរួមប្រមាណ ៤៨ប្រទេសដែលមកពី ៦តំបន់ផ្សេងគ្នា៕