(បរទេស)៖ តារាសម្ដែងតៃវ៉ាន់ល្បីឈ្មោះម្នាក់ លោក Kai Ko បានរងរបួសចំផ្ទៃមុខធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហារដោយ Drone ដែលទំនងជាបង្ហោះខុសបច្ចេកទេស ខណៈហេតុការណ៍នេះ បានកើតឡើងអំឡុងពេលថតរឿង Netflix។ អ្នកគ្រប់គ្រងរបស់តារារូបនេះបាននិយាយថា គ្រោះថ្នាក់នេះ បានធ្វើឲ្យខូចមុខរបស់តារាសម្តែងរូបនេះយ៉ាងធ្ងន់ធ្ងរ និងតម្រូវឲ្យមានស្នាមដេរពី ២០ ទៅ ៣០ថ្នេរឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ អំឡុងពេលថតឈុតនៃស៊េរី Fantasy របស់តៃវ៉ាន់ Netflix ដែលមានចំណងជើងថា «Agent From Above» ដែលផលិតដោយ mm2 Entertainment របស់ប្រទេសសិង្ហបុរី និងផលិតកម្ម Good Films Production របស់តៃវ៉ាន់។ អ្នកគ្រប់គ្រងរបស់ Ko បាននិយាយទៅកាន់កាសែតតៃវ៉ាន់ United Daily News ថា ប៉ុន្មានថ្ងៃមុននេះ គ្រោះថ្នាក់មួយបានកើតឡើង ក្នុងអំឡុងពេលថត ដែលបណ្តាលឲ្យខូចមុខយ៉ាងធ្ងន់ធ្ងរ ហើយ (Ko) កំពុងសម្រាកព្យាបាល។
អ្នកគ្រប់គ្រងតារាប្រុសរូបនេះបានសង្កត់ធ្ងន់ថា «សិល្បកររបស់យើងមិនមែនជាកំពូលវីរបុរសទេ។ គាត់កំពុងតែផ្តោតលើការងាររបស់គាត់ ហើយមិនអាចប្រតិកម្មបានទាន់ពេល នៅពេលមានគ្រោះថ្នាក់កើតឡើង។ យើងសង្ឃឹមថានឹងអាច (បន្ត) ធ្វើការដោយសុវត្ថិភាព...»។
គួរជម្រាបថា តារាប្រុស Ko បានឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុតនៅឯកម្មវិធី «Golden Horse Awards» ឆ្នាំ២០១១ សម្រាប់តួនាទីរបស់លោកក្នុងរឿង «You Are The Apple Of My Eye»។ លោកបានក្លាយជាអ្នកដឹកនាំរឿងដំបូង ជាមួយនឹងខ្សែភាពយន្តអាថ៌កំបាំង «Bad Education» ក្នុងឆ្នាំ២០២២៕