(បរទេស)៖ ទីបំផុតវត្តមានត្រកូលស្មាតហ្វូន Galaxy S23 របស់ Samsung នឹងលេចចេញរូបរាងជាផ្លូវការនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការរំពឹងទុកថា Samsung នឹងបំពាក់ជាមួយនូវសមត្ថភាពបន្ទះឈីបពិសេសដែលគាំទ្រជាមួយមុខងារ Snapdragon Satellite ថ្មីរបស់ក្រុមហ៊ុន Qualcomm។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ត្រកូល Galaxy S23 ជំនាន់ក្រោយរបស់ Samsung ទំនងជាចេញមកជាមួយនឹងការប្រកួតប្រជែងខ្លាំងបើធៀបនឹង iPhone 14 របស់ Apple។ តាមរយៈពាក្យចចាមអារ៉ាមកន្លងមក Galaxy S23 ថ្មីនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 2 ពីក្រុមហ៊ុន Qualcomm ដែលគាំទ្រជាមួយនឹងមុខងារ Snapdragon Satellite ថ្មីដែលវាស្រដៀងទៅនឹង Emergency SOS របស់ក្រុមហ៊ុន Apple ដែលប្រើនៅលើ iPhone 14 បច្ចុប្បន្ន។
លើសពីនេះទៀតក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2023 នោះគេក៏រំពឹងថា Samsung នឹងប្រកាសចេញ Galaxy S23 Ultra មកជាមួយគ្នាផងដែរ ដែលទំនងជាអាចនឹងបំពាក់ជាមួយកាមេរ៉ាក្រោយទំហំ 200មេហ្គាភិចសែលនិង កាមេរ៉ាមុខ 50មេហ្គាភិចសែល បើធៀបនឹងម៉ូដែល Galaxy S22 មានកាមេរ៉ាក្រោយត្រឹមតែ 108មេហ្គាភិចសែលប៉ុណ្ណោះ។ យ៉ាងណាមិញបើមើលទៅលើការឌីហ្សាញវាហាក់មិនមានការផ្លាស់ប្តូរអ្វីធំដុំនោះទេទៅលើត្រកូល Galaxy S23 ចំណែក Galaxy S23 Ultra មើលទៅគឺស្រដៀងទៅនឹង Galaxy S22 ដោយគ្រាន់តែមានការផ្លាស់ប្តូរមុខងារខ្លះៗ ជាមួយនឹងជម្រើសពណ៌ថ្មី រួមទាំងមានការអាប់ដេតទៅនឹងមុខងារ fingerprint sensors ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា មុខងារ Snapdragon Satellite ដែល Samsung ត្រៀមនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងត្រកូល Galaxy S23 នេះគឺជាកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនផ្កាយរណប Iridium ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Android អាចទាក់ទងសេវាសង្រ្គោះបន្ទាន់នៅពេលដែលស្ថិតក្នុងតំបន់គ្មានសេវាអ៊ីនធឺណិត ឬ Wi-Fi ជាដើម។ តែយ៉ាងណាជុំវិញរបាយការណ៍ខាងលើនេះ បើតាមការចែករំលែកកន្លងមកជាទម្លាប់របស់ Samsung បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនអាចនឹងមានវីដេអូប្រៀបធៀបទៅនឹងគូរប្រជែងដ៏ធំរបស់ខ្លួនគឺ Apple ដូច្នេះមានតែរង់ចាំមើលក្រោយថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះនៅព័ត៌មានលម្អិតបន្ថែមទៀត៕