(បរទេស)៖ បន្ទាប់ពីផ្អាកការផលិតមួយរយៈមក ពេលនេះរថយន្ត AWD Model Y របស់ក្រុមហ៊ុន Tesla ចាប់ផ្តើមឈានជើងចូលខ្សែសង្វាក់ផលិតកម្មឡើងវិញហើយ។ ខណៈរបាយការណ៍បង្ហាញថា Tesla នឹងដាក់លក់ក្នុងចំនួនមានកំណត់ត្រឹមតែ ៤០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ក្រោយរបាយការណ៍ចេញផ្សាយបន្តិចលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា រថយន្ត Model Y ជំនាន់ក្រោយនេះនឹងអាចទាក់ចិត្តអ្នកប្រើប្រាស់ក្នុងចំនួនដ៏ច្រើន រួមទាំងជារថយន្តដែលលក់ដាច់ជាងគេនៅលើពិភពលោកថែមទៀតផង។

ប្រភពពីអ្នកប្រើប្រាស់ Twitter ម្នាក់ដែលមានគណនីឈ្មោះ The Kilowatts បានបង្ហោះពីរថយន្ត Tesla Model Y Standard Range «ថ្មី» ជាលើកដំបូងបានបានគូសបញ្ជាក់ថា រថយន្តជំនាន់ថ្មីនេះ នឹងត្រូវបានបំពាក់ដោយអាគុយកម្លាំងខ្លាំង ៤៦៨០ និងកម្រិតចម្ងាយ ២៦៩ម៉ាយល៍ ហើយវានឹងដាក់លក់ក្នុងតម្លៃចាប់ផ្តើម ៦៣,៩៩០ដុល្លារ។ តួរយ៉ាងសម្រាប់តម្លៃនេះគឺជាតម្លៃទាប និងខុសត្រូវគ្នាខ្ទង់ ២,០០០ដុល្លារ បើធៀបនឹងប្រភេទរថយន្ត Long Range ដែលមានសមត្ថភាព ៣៣០ម៉ាយល៍ជំនាន់មុនរបស់ Tesla។

អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់កំពុងតែនាំគ្នាភ្ញាក់ផ្អើលខ្លាំងនូវពេលនេះគឺថា ហេតុអ្វីបានជា Tesla ផ្តល់ឱ្យនូវកម្លាំងអាគុយកម្រិតខ្លាំង ៤៦៨០ថ្មី ស្របពេលដែល Tesla កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដែលត្រូវបង្ខំចិត្តបញ្ចុះតម្លៃរថយន្តស្ទើរតែគ្រប់ម៉ូដែលរបស់ខ្លួនសម្រាប់ទីផ្សារ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិននោះ៕