(បរទេស)៖ ឈុតឆាកក្រោមទឹកដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងរឿង Avatar វគ្គ២ របស់ James Cameron ឈានដល់កម្រិតថ្មីនៃភាពប្រាកដនិយម នៅពេលដែលមហាជនដឹងថា តួអង្គតែងតែសម្តែងនៅក្រោមទឹក ខណៈមានតួអង្គម្នាក់ គឺអាចជ្រមុជចូលទឹកបានរយៈពេលយ៉ាងយូរ។ នោះគឺ តួអង្គ Ronal បានបំបែកកំណត់ត្រា Tom Cruise អាចជ្រមុជចូលក្នុងទឹកបានដល់ទៅជាង ៧នាទី។

បើតាមការចេញផ្សាយដោយគេហទំព័រ CBC បានឲ្យដឹងថា នៅក្នុងតួនាទីរបស់នាងជាអ្នកដឹកនាំសហគមន៍នៃក្រុម Avatar ទឹកនៃខ្សែភាពយន្ត «Avatar: The Way of Water» តារាស្រី Kate Winslet អាចជ្រមុជចូលក្នុងទឹកបានដល់ទៅ ៧នាទី និង ១៥វិនាទី ដោយប្រើតែមួយដង្ហើមប៉ុណ្ណោះ ហើយក៏គ្មានប្រើឧបករណ៍ជំនួយអុកស៊ីសែនដែរ។ កត្តានេះក៏បានបំបែកកំណត់ត្រាចាស់របស់ Tom Cruise ដែលជ្រមុជបាន ៦នាទីក្នុងភាពយន្ត «Mission: Impossible - Rouge Nation» កាលពីឆ្នាំ២០១៥។

ការមុជទឹក គឺជាជំនាញដ៏សំខាន់ដែលអនុញ្ញាតឲ្យ Winslet រួមជាមួយនឹងតារាសម្ដែង Sam Worthington និង Zoe Saldaña ថតឈុតឆាកវែងៗក្រោមទឹក។ តួសម្ដែងក្នុងរឿងធំៗដូចជាលោក Sam Worthing (តួ Jake Sully) និងអ្នកស្រី Zoe Saldaña (តួ Neytiri) ជ្រមុជបានតែ ៥នាទីប៉ុណ្ណោះ។

គួរជម្រាបថា តារាសម្តែង Kate Winslet គឺជាតារាសម្តែងដ៏ល្បីឈ្មោះរបស់អង់គ្លេស ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក តាមរយៈការសម្តែងជាតួអង្គឈ្មោះ Rose នៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនា ក្រោមចំណងជើងថា «Titanic» ក្នុងឆ្នាំ១៩៩៧។ ក្នុងភាពយន្តដែលល្បី កំពុងចាក់បញ្ចាំងក្នុងរោងកុន «Avatar: The Way of Water» នេះ នាងបានសម្តែងជាតួអង្គ Ronal ដែលអ្នកគាំទ្រ និងអ្នកទស្សនាភាពយន្តនេះ ពិតជាបានស្គាល់ច្បាស់ហើយ៕