(ភ្នំពេញ)៖ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារអេស៊ីលីដា បានបង្ហាញពី ភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ ប្រព័ន្ធទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងមានការពេញនិយម និងរីកចម្រើនខ្លាំងនៅកម្ពុជា។
លោកស្រី សុខ សោភា បានថ្លែងថា «ឆ្នាំ២០២២កន្លងទៅធនាគារអេស៊ីលីដា ទទួលបានការធ្វើប្រតិបត្តិការទូទាត់លើទំនិញ និងសេវាកម្មផ្សេងៗ តាមអេស៊ីលីដាម៉ូបាលចំនួន១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ មានត្រឹមតែ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់ប្រមាណ៨៨លានដុល្លារប៉ុណ្ណោះ ពោលទំហំទឹកប្រាក់ប្រតិបត្តិការនេះមានការកើនឡើងជាង៨០ភាគរយឯណោះ»។
លោកស្រីបានបន្ដថា តាមរយៈកំណើនទំហំប្រតិបត្តិការក្នុងឆ្នាំ២០២២ គួបផ្សំនឹងកាកើនឡើងនៃ អតិថិជនយ៉ាងសកម្មពីមួយឆ្នាំទៅមួយឆ្នាំ បានជំរុញឲ្យការធ្វើប្រតិបត្តិការទូទាត់តាមអេស៊ីលីដា នឹងមានការកើនឡើងទ្វេដងនៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។
លោកស្រីបានបន្ថែមថា ជាមួយគ្នានេះអេស៊ីលីដាប្តេជ្ញានឹងបន្តអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវសេវាឌីជីថល ជាពិសេសមុខងាររបស់អេស៊ីលីដាម៉ូបាល ដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ចុងក្រោយ ជាមួយនឹងសុវត្ថិភាព និងភាពងាយស្រួល។
លោកស្រី សុខ សោភា សូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលគាំទ្រ និងមានទំនុកចិត្តលើសេវាផ្សេងៗ របស់អេស៊ីលីដា និងអតិថិជននៅតែបន្តប្រើប្រាស់សេវារបស់ធនាគារទាំងនេះបានជាធនាគារអេស៊ីលីដា តែងតែស្តាប់យោបល់នានា ពីបទពិសោធន៍ក៏ដូចជាមតិផ្សេងៗយកមកពិចារណា ដើម្បីអភិវឌ្ឍន៍ ឬស្ថាបនាឲ្យបានកាន់តែរីកចម្រើនទាំងអស់គ្នា។
សូមបញ្ជាក់ថា បច្ចុប្បន្នអេស៊ីលីដាមូប៉ាល មានអតិថិជនកំពុងប្រើប្រាស់ជាង២លាន៧១ម៉ឺននាក់៕