(ភ្នំពេញ)៖ កម្មវិធីសប្បុរសធម៌លើកទី១២ និងពិធីគម្រប់ខួបលើកទី៦៣ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានដំណើរការដោយជោគជ័យ បន្ទាប់ពីរៀបចំនៅក្នុងបរិវេណសាកលវិទ្យាល័យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

កម្មវិធីសប្បុរសធម៌លើកទី១២ និងគម្រប់ខួបទី៦៣ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកនេះ មានអ្នកចូលរួមរហូតដល់ជាង ៣ម៉ឺននាក់ មកពីគ្រប់មជ្ឈដ្នាននានា និងមានស្តង់លក់ទំនិញរបស់ក្រុមហ៊ុនដៃគូ និងនិស្សិតដើម្បីរកប្រាក់ឧបត្ថម្ភរហូតដល់ ២៦៤ស្តង់ ក្រោមការចូលរួមបើកជាអធិបតីពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឥស្សិរជនសំខាន់ៗ ជាច្រើនរូបទៀតផងដែរ។

របាយការណ៍របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា ការរៀបចំទិវាសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងកៀរគរថវិកាពីសប្បុរសជនទូទៅ និងនិស្សិត ដើម្បីគាំទ្រដល់សកម្មភាពសប្បុរសធម៌របស់ក្លឹបយុវជនកាកបាទក្រហម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងតាមទិន្នន័យដែលទទួលបានពីក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថវិកាដែលទទួលបានពីសប្បុរសជននៅក្នុងឆ្នាំនេះ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមករា មានចំនួនសរុប ២៧លានរៀល និង៣១,២៨០ដុល្លារ។

ថវិកាដែលទទួលបាននេះ នឹងត្រូវបានប្រើប្រាស់ជា ៣ចំណែករួមមាន៖

* ចំណែកទី១ សម្រាប់ឧបត្ថម្ភដល់ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជួបប្រទះនឹងការលំបាកក្នុងការសិក្សា និងជីវភាពប្រចាំថ្ងៃ
* ចំណែកទី២ សម្រាប់ឧបត្ថម្ភដល់អ្នកជំងឺ ដែលមានភាពខ្វះខាតក្នុងការព្យាបាលជំងឺ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក
* និងចំណែកទី៣ សម្រាប់ជូនដល់មណ្ឌលកុមារកំព្រា កុមារក្រីក្រ ជនងាយរងគ្រោះ និងប្រជាជននៅតំបន់ដែលជួបប្រទះនឹងការលំបាក។

ជាក់ស្តែង នៅក្នុងឆ្នាំ២០២២ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើសកម្មភាពសប្បុរសធម៌ចំនួន ១៦លើក រួមមាន៖ ឧបត្ថម្ភដល់និស្សិតដែលសម្រាកព្យាលបាលជំងឺកូវីដ១៩, ឧបត្ថម្ភជូនដល់និស្សិតដែលបានបាត់បង់សមាជិកគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៏ និងចូលរួមក្នុងសកម្មភាពដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា៕