(ភ្នំពេញ)៖ លោក សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានជំរុញឲ្យមន្ដ្រីបច្ចេកទេស ទាំងអាជ្ញាកណ្ដាល-ចៅក្រម រួមទាំងគ្រូបង្វឹកផង ត្រូវស្វែងយល់ឲ្យបានច្បាស់ពីបទបញ្ជាបច្ចេកទេសការប្រកួត ដើម្បីផ្ដល់នូវទំនុកចិត្តដល់កីឡាករ-កីឡាការិនី ក្នុងការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ ក្រោយដំណើរការរៀបចំរយៈពេល ៥ថ្ងៃ ប្រកបដោយភាពជោគជ័យ កាលពីសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។ វគ្គនេះ មានសិក្ខាកាមចូលរួម ៣៦រូប ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។
អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃខាងលើ បានបន្ដថា ការយល់ច្បាស់ពីច្បាប់ប្រកួត គឺជាឥទ្ធិពលវិជ្ជមានដល់កីឡាករ-កីឡាការិនី ។ ផ្ទុយទៅវិញ បើមន្ដ្រីបច្ចេកទេស ឬគ្រូមិនច្បាស់វិញ កីឡាករ-កីឡាការិនី ក៏ខ្វះទំនុកចិត្តក្នុងការប្រកួតដែរ ។ ហេតុនេះ លោកបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមទៀត ក្រោយបញ្ចប់វគ្គនេះ ។
លោក សរ សិទ្ធិ បានលើកឡើងថា «កាលណាយើងដឹងពីច្បាប់ ពីគោការណ៍របស់សូហ្វតិន្នីស ដល់ពេលយើងទៅធ្វើជាអាជ្ញាកណ្ដាល ឬយើងធ្វើជាគ្រូឧទ្ទេសនាម ឬបច្ចេកទេសឲ្យកីឡាករយើង ហើយកីឡាករយើង គាត់ដឹងពីច្បាប់ គាត់លេងពោរពេញទៅដោយទំនុកចិត្ដ ។ តែកាលណាកីឡាករអត់ស្គាល់ច្បាស់ គឺទៅលេង ពោរពេញដោយភាពស្រពេចស្រពិល ។ កាលណាស្រពេចស្រពិល ពេលគេពិន័យយើងខុស ក៏យើងមិនអត់ហ៊ានតវ៉ា ដោយសារយើងអត់យល់ពីច្បាប់...» ។
លោក យិត ភីរ: អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើ បានរៀបចំពីថ្ងៃទី០៩-១៣ ខែមករាកន្លងទៅ ដែលបង្រៀនដោយគ្រូឧទ្ទេស ២រូប គឺអ្នកជំនាញជនជាតិជប៉ុនលោក OGIWARA Masato និងមន្ដ្រីបច្ចេកទេសកម្ពុជាលោក យី សារិន ។ លោកបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការសិក្សារយៈពេលខ្លីនេះ ដោយក្នុងចំណោមសិក្ខាកាមចូលរួម ៣៦នាក់ គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០% និទ្ទេសល្អបង្គួរ ២០% និងនិទ្ទេសមធ្យម ១០% ប៉ុណ្ណោះ ៕