(បរទេស)៖ កាលពីខែកញ្ញាកន្លងទៅនេះ មានសេចក្ដីរបាយការណ៍មកថា Apple អាចនឹងផ្លាស់ប្តូររហូតដល់ ២៥ភាគរយ នៃផលិតកម្ម iPhone របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាគិតត្រឹមឆ្នាំ២០២៥ ហើយឥឡូវនេះ សារព័ត៌មានចិន South China Morning Post បានចេញផ្សាយថា Apple អាចនឹងប្ដូរទៅផលិត iPhone នៅឥណ្ឌារហូតដល់ ៥០ភាគរយគិតត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយសមាសភាគ iPhone ការបញ្ជាទិញពីអ្នកផ្គត់ផ្គង់ចិនរបស់ខ្លួន ដែលជះឥទ្ធិពលអវិជ្ជមានដល់ការប៉ាន់ប្រមាណប្រាក់ចំណូល និងតម្លៃភាគហ៊ុនរបស់ពួកគេ។
គិតត្រឹមដើមឆ្នាំ២០២៣នេះ សង្វាក់ផលិតកម្ម iPhone នៅក្នុងប្រទេសឥណ្ឌាមានត្រឹមតែ ៥ភាគរយប៉ុណ្ណោះ នៃសង្វាក់ផលិតកម្មទាំងមូល។ ពាក្យចចាមអារ៉ាមថ្មីមួយដែលទើបតែបានសាយភាយក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមសង្វាក់ផលិតកម្ម iPhone 15 នៅក្នុងប្រទេសចិន និងឥណ្ឌាដំណាលគ្នាតែម្ដង។
ការជំរុញពីក្រុមហ៊ុន Apple ដើម្បីធ្វើពិពិធកម្មការផលិត iPhone របស់ខ្លួនឱ្យនៅឆ្ងាយពីប្រទេសចិន ហើយផលិតផលផ្សេងៗទៀតក៏អាចនឹងចាកឆ្ងាយពីប្រទេសចិនផងដែរ ដូចជា AirPods និង MacBooks ដែលកំពុងផលិតនៅក្នុងប្រទេសវៀតណាមជំនួសឱ្យប្រទេសចិន៕