(គីវ)៖ ក្លិបអ៊ុយក្រែន Shakhtar Donetsk បានប្រកាសបរិច្ចាគប្រាក់ ២៥លានដុល្លារ សម្រាប់ជាជំនួយនៅប្រទេសអ៊ុយក្រែន, ដោយការប្រកាសនេះបានធ្វើឡើង ១ថ្ងៃបន្ទាប់ពីក្លិបបានទទួលតម្លៃផ្ទេរកំណត់ត្រាមួយសម្រាប់ខ្សែបម្រើ Mykhailo Mudryk ទៅលេងឲ្យក្លិប Chelsea, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។

ប្រធានក្លិប Shakhtar Donetsk លោក Rinat Akhmetov បានលើកឡើងថា ក្លិបនឹងបរិច្ចាគប្រាក់ ២៥លានដុល្លារសម្រាប់ជំនួយដល់ទាហាន និងគ្រួសាររបស់ពួកគេ។ បន្ទាប់ពីការផ្ទេរកីឡាករ Mudryk ទៅកាន់ Chelsea កាលពីថ្ងៃអាទិត្យ, ក្លិប Shakhtar បានលើកឡើងថា ពួកគេនឹងទទួលបានប្រាក់៧០លានអឺរ៉ូ (៧៦លានដុល្លារ) សម្រាប់កីឡាករ និងប្រាក់ ៣០លានអឺរ៉ូទៀតគឺជាប្រាក់លើកទឹកចិត្ត។

ក្លិបបានអះអាងថា វាគឺជាតម្លៃកំណត់ត្រានៃការផ្ទេរកីឡាករក្នុងក្លិបរបស់ខ្លួន និងបាល់ទាត់អ៊ុយក្រែន។លោក Akhmetov បានលើកឡើងថា ប្រាក់នោះនឹងរៀបចំបរិច្ចាគជាផ្នែកមួយនៃគម្រោង Heart of Azovstal ក្នុងគោលបំណង «ជួយអ្នកការពារទីក្រុង Mariupol និងគ្រួសារទាហាន»។ កងកម្លាំងអ៊ុយក្រែន បានការពារទីក្រុង Mariupol ខណៈកងកម្លាំងរុស្ស៊ី ព្យាយាមវាយដណ្តើមយក៕