(ប៊ែរឡាំង)៖ អ្នកចាំទី Alexander Nuebel ដែលកំពុងខ្ចីជើង ពីក្លិប Bayern Munich ទៅលេងឲ្យក្លិប AS Monaco រហូតដល់ដំណាច់រដូវកាលនេះនោះ នឹងមិនត្រឡប់មកវិញ ដើម្បីជំនួសអ្នកចាំទី Manuel Neuer ដែលកំពុងមានរបួសនោះទេ, នេះបើតាមការបញ្ជាក់ពីភ្នាក់ងាររបស់លោក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

Nuebel មានវ័យ ២៦ឆ្នាំ ដែលមានកិច្ចសន្យារបស់លោកជាមួយ Bayern មានសុពលភាពដល់ឆ្នាំ២០២៥នោះ គឺជាបេក្ខជនសំខាន់ម្នាក់ក្នុងការចូលទៅជំនួសរហូតដល់ដំណាច់រដូវកាលនេះ បន្ទាប់ពីអ្នកចាំទីសញ្ជាតិអាល្លឺម៉ង Neuer បានបាក់ឆ្អឹងជើងអំឡុងពេលជិះស្គីលេងនៅថ្ងៃឈប់សម្រាកកាលពីខែមុន។

Neuer ត្រូវបានអវត្តមានពីការប្រកួតជាច្រើនខែ ហើយនឹងខកខានការប្រកួត សម្រាប់ពេលវេលានៅសល់ ក្នុងរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់។

«ការផ្ទេរគឺមិនអាចធ្វើទៅបាននោះទេ, Alexander នឹងលេងក្នុងអំឡុងពេលពាក់កណ្តាលទី២ នៃរដូវកាលនេះ នៅឯក្លិប Monaco», នេះបើតាមសម្តីភ្នាក់ងារកីឡាករ Nuebel លោក Stefan Backs បានប្រាប់សារព័ត៌មាន Sky កាលពីថ្ងៃចន្ទ។

សូមជម្រាបថា Bayern កំពុងឈរនៅកំពូលតារាងលីគ Bundesliga នឹងត្រូវប៉ះក្រុម Paris St Germain ក្នុងការប្រកួតជុំទី១៦ នៃលីគ Champions League នៅខែក្រោយ។
ក្លិប Bayern កំពុងមានតែអ្នកចាំទីដែលមានបទពិសោធន៍តែម្នាក់គត់ គឺកីឡាករ Sven Ulreich វ័យ៣៤ឆ្នាំ ខណៈអ្នកចាំទីផ្សេងទៀតមានរួមទាំងកីឡាករវ័យ ១៩ឆ្នាំ Johannes Schenk គឺមិនមានបទពិសោធន៍លេងក្នុងក្រុមជម្រើសដំបូងនោះទេ៕