(បរទេស)៖ ថ្មីៗនេះទទួលដំណឹងថា ក្រុមហ៊ុនតៃវ៉ាន់ Foxconn កំពុងតែងតាំងប្រធានគ្រប់គ្រងផ្នែកដំឡើង iPhone ថ្មីមកជំនួសដំណែងប្រធានគ្រប់គ្រងចាស់ គឺលោក Wang Charng-yang បន្ទាប់ពីក្រុមហ៊ុនជួបភាពច្របូកច្របល់ក្នុងប្រទេសចិនប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

តាមរយៈរបាយកាណ៍ពី Bloomberg បានបង្ហាញថា ប្រធានគ្រប់គ្រងអាជីវកម្មផ្នែកដំឡើង iPhone ថ្មីនៅ Foxconn មានឈ្មោះថា Michael Chiang ដែលរូបលោកគឺជាអ្នកគ្រប់គ្រងវ័យក្មេងដំបូងគេដែលកំពុងត្រូវបានតែងតាំង។ ជាមួយនឹងការផ្លាស់ប្តូរភ្លាមៗនេះមិនទាន់ទទួលបានរបាយការណ៍លម្អិណាមួយនោះទេ ខណៈដែល Apple និង Foxconn បដិសេធមិនឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters។

ប្រភពដដែលបានបន្ថែមទៀតថា ការតែងតាំងដំណែងរបស់លោក Chiang គឺស្ថិតនៅពីក្រោយការជ្រោមជ្រែងយ៉ាងពេញទំហឹងរបស់ប្រធានក្រុមហ៊ុន Foxconn លោក Young Liu ក្នុងការជម្រុញ និងលើកកម្ពស់អ្នកគ្រប់គ្រងវ័យក្មេងរូបនេះ ដើម្បីរក្សាភាពជាអ្នកដឹកនាំខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ក្នុងការប្រឈមមុខនឹងការប្រកួតប្រជែងដែលកំពុងកើនឡើងពីគូប្រជែងរបស់ចិន៕