(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយសកលវិទ្យាល័យហាវ៉ៃបានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំ នៅស្រុកប្រាសាទបាគង ចំនួន១០នាក់ និងសិស្សនៃវិទ្យាល័យ១០មករា នៅក្នុងក្រុងសៀមរាប ចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត។

ទស្សនកិច្ចរបស់នេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សានុសិស្សបានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា បានឱ្យដឹងថា ក្រៅតែពីចង់ឱ្យសិស្សានុសិស្សដែលមកធ្វើទស្សនកិច្ចពេលនេះ បានស្វែងយល់ពីប្រាង្គប្រាសាទ និងចម្លាក់ គឺអាជ្ញាធរអប្សរាក៏ចង់ឱ្យសិស្សបានស្វែងយល់ពីការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីឱ្យដឹងថាតើអ្នកជំនាញបានធ្វើឡើងក្នុងគោលបំណងអ្វី? លទ្ធផលបានអ្វីខ្លះ? ហើយវត្ថុដែលកំណាយបាន គេយកទៅរក្សាទុកនៅឯណា?។ កន្លងមក អាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ ដូចជានៅប្រាសាទបន្ទាយក្តីជាដើម ហើយសកម្មភាពនេះ គឺបានអប់រំបណ្តុះគំនិតដល់សិស្សានុសិស្ស និងប្រជាជនឱ្យចេះស្រលាញ់បេតិកភណ្ឌរបស់ខ្លួន និងចូលរួមថែរក្សាទាំងអស់គ្នា។

យុវតី សៅ សុសាន ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយធំ បានឱ្យដឹងថា ពេលដែលរូបនាងបានមកទស្សនាប្រាសាទអង្គរវត្តលើកនេះ គឺខុសប្លែកពីសព្វដង មានន័យថា ពេលនេះនាងបានទទួលចំណេះដឹងពីប្រវត្តិសាស្រ្ត ប្រវត្តិប្រាសាទ ព្រមទាំងបានឃើញក្រុមអ្នកជំនាញកំពុងធ្វើកំណាយស្រាវជ្រាវ ស្វែងរកទិន្នន័យប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុនទៀតផង។

យុវតី សៅ សុសាន សម្ដែងការត្រេកអរដែលសាលាបានសហការជាមួយនិងអាជ្ញាធរជាតិអប្សរា ព្រមទាំងសកលវិទ្យាល័យហាវ៉ៃរៀបចំជាកម្មវិធីនេះ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ ក្រៅពីការសិក្សាដែលមាននៅក្នុងសាលានោះ។

បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវលោក ហេង ពិភាល់ បានឱ្យដឹងថា កំណាយស្រាវជ្រាវ គឺធ្វើឡើងចង់បង្ហាញឱ្យសាធារណជន និងអ្នកស្រាវជ្រាវបរទេសបានយល់ពីអារ្យធម៌ខ្មែរ និងសង្គមខ្មែរ។ ការងារស្រាវជ្រាវបុរាណវិទ្យាតែងមានការផ្សព្វផ្សាយអំពីលទ្ធផលកំណាយ ហើយការផ្សព្វផ្សាយនេះមិនមែនសម្រាប់តែអ្នកសិក្សាបុរាណវិទ្យា ទើបអាចអានបានប៉ុណ្ណោះទេ ប៉ុន្តែក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទ្យាដល់យុវជននៅតាមមហាវិទ្យាល័យបុរាណបុរាណវិទ្យា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្តុះបណ្តាលសិស្ស និងប្រជាជននៅក្នុងតំបន់នោះផ្ទាល់ដើម្បីឱ្យបានស្វែងយល់ និងចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតានិងប្រវត្តិសាស្ត្រទាំងអស់គ្នាផងដែរ៕