(ភ្នំពេញ)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ ចំនួន១០កន្លែងដល់និស្សិតនៃប្រទេសម៉ាល់ឌីវ មកសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

សម្តេចតេជោបានថ្លែងថា នេះគឺជាចំណុចចាប់ផ្ដើមនៃកិច្ចប្រតិបតិ្តការរវាងកម្ពុជា និងម៉ាល់ឌីវ ទាំងក្នុងកម្រិតនយោបាយ និងកម្រិតដទៃទៀតរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។

បន្ទាប់ពីសម្តេចបានប្រកាសរួច សាកលវិទ្យាល័យ AUPP បានផ្តល់ព័ត៌មានថា និស្សិតម៉ាល់ឌីវអាចជ្រើសរើសបាននូវ ៨ មុខជំនាញសិក្សាដែលផ្ដល់ជូនដោយ AUPP ក្នុងនោះរួមមាន៖
១. បរិញ្ញាបត្រផ្នែកធុរកិច្ច (Business)
២. បរិញ្ញាបត្រផ្នែកកិច្ចការសកល (Global Affairs)
៣. បរិញ្ញាបត្រផ្នែកច្បាប់ (Law)
៤. បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
៥. បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)
៦. បរិញ្ញាបត្រផ្នែកសន្តិសុខសាយប័រ (Cybersecurity)
៧. បរិញ្ញាបត្រផ្នែកការអភិវឌ្ឍសុសវែរ (Software Development)
៨. បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាក្លោដ (Cloud computing)

AUPP បានទទួលនិស្សិតបរទេសមកសិក្សាជាបន្តបន្ទាប់មកពីប្រទេសជាច្រើនរួមមាន៖ អាមេរិក ចិន កូរ៉េខាងត្បូង ម៉ូរីស បារាំង វៀតណាម និងម៉ាឡេស៊ី។

AUPP ជាសាកលវិទ្យាល័យឈានមុខគេក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវការអប់រំតាមស្តង់ដាអាមេរិក និងជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់កម្មវិធីសិក្សាយកសញ្ញាបត្រពីរ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍នៅសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖
ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១
គេហទំព័រ៖ https://www.aupp.edu.kh/
អាស័យដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ