(ភ្នំពេញ)៖ សមាជិកគម្រោងផ្សារសហគមន៍និស្សិត ឬ Phumin Potluck បានសហការគ្នាចូលរួមកម្មវិធីសប្បុរសធម៌លើកទី១២ និងគម្រប់ខួបលើកទី៦៣ឆ្នាំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះផងដែរ ចំណីអាហារស្រស់ និងក្រៀមនានា ត្រូវបានដាក់តាំងបង្ហាញដើម្បីឲ្យអ្នកចូលរួមទាំងឡាយបានភ្លក្ស និងជាវយកទៅបរិភោគ។

គម្រោងផ្សារសហគមន៍និស្សិត បានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយនិស្សិតដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានទទួលជ័យលាភី The Most Valuable Issue Award ក្នុងការប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រកម្មវិធី ក្រោមនវានុវត្តន៍របស់យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាង (YICMG2019) ក្នុងប្រធានបទ «Green production, consumption and social development»

គោលបំណងនៃគម្រោងផ្សារសហគមន៍និស្សិត (Phumin Potluck)គឺ៖

* ជំរុញ និងលើកទឹកចិត្តយុវជន ឲ្យយកចិត្តទុកដាក់លើសុវត្ថិភាពម្ហូបអាហារ
* ផ្ដល់ចំណេះដឹងស្ដីពីផលប៉ះពាល់នៃអាហារ ដែលគ្មានសុវត្ថិភាពលើសុខភាព និងសេដ្ឋកិច្ច
* លើកកម្ពស់ការផលិតអាហារដែលមានសុវត្ថិភាពមកពីសហគមន៍ (ចាប់ផ្ដើមពីគ្រួសារ សហគមន៍ និងតំបន់)
* បណ្ដុះ និងបញ្ជ្រាបគំនិតសហគ្រិនភាពសង្គមដល់យុវជនដើម្បីបន្តទៅគ្រួសារ និងសហគមន៍
* លើកកម្ពស់ការដាំដុះបន្លែដែលគ្មានជាតិគីមី (ប៉ះពាល់ដល់សុខភាព) ទៅដល់គ្រួសាររបស់និស្សិត ក៏ដូចជាសហគមន៍របស់ពួកគេ
* កាត់បន្ថយការនាំចូលបន្លែ និងផលិតផលម្ហូបអាហារមកពីក្រៅប្រទេស។

គោលបំណងខាងលើត្រូវបានលើកឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលប្រជាជនកម្ពុជា ជាពិសេស ក្រុមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលចំណាកស្រុកមកពីបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា ដើម្បីមកបន្តការសិក្សានៅរាជធានីភ្នំពេញ។

ការរស់នៅឆ្ងាយពីគ្រួសារ រួមផ្សំជាមួយកត្តាពេលវេលា និងថវិកាធ្វើឲ្យពួកគេពុំសូវមានពេលយកចិត្តទុកដាក់លើសុវត្ថិភាពម្ហូបអាហារ ដែលពួកគាត់ទទួលទានរាល់ថ្ងៃឡើយ។ តាមរយៈមូលហេតុទាំងអស់នេះហើយ ដែលធ្វើឲ្យពួកគេអាចប្រឈមជាមួយនឹងបញ្ហាសុខភាព ខាតបង់ទាំងពេលវេលា ការសិក្សារៀនសូត្រ និងថវិកាគ្រួសារផងដែរ៕