(ភ្នំពេញ)៖ ក្រុមហ៊ុន Kärcher នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីសម្ពោធនូវទីស្នាក់ការថ្មី និងមជ្ឈមណ្ឌលលក់របស់ខ្លួន ដែលជាក្រុមហ៊ុននាំមុខគេ ផ្នែកបច្ចេកវិទ្យាសំអាត ដើម្បីផ្ដល់ជម្រើសកាន់តែល្អប្រសើរ ដល់អតិថិជនរបស់ខ្លួន ដែលកំពុងតែគាំទ្រ ដែលមានទីតាំងស្ថិតនៅ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian May អគ្គនាយករង Kärcher ពិភពលោក លោក Klaus Puehmeyer នាយកប្រចាំតំបន់ អាស៊ាន តៃវ៉ាន់ និង កូរ៉េខាងត្បូង លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប និង លោក មាជ សម្បត្តិ នាយកគ្រប់គ្រង Kärcher ប្រចាំប្រទេសកម្ពុជា។

សម្រាប់ផលិតផលជាង៥០០ មុខរបស់ ក្រុមហ៊ុន Kärcher នឹងធ្វើការដាក់តាំងលក់នៅក្នុងមជ្ឈមណ្ឌលលក់នេះ។ ក្រៅពីមជ្ឈមណ្ឌលលក់ថ្មីទីតាំងថ្មីនេះបំរើជា ទីស្នាក់ការកណ្តាល មជ្ឈមណ្ឌលសេវាកម្មជួសជុល ទីតាំងបណ្តុះបណ្តាល ក៏ដូចជាទីតាំងសាកល្បងផលិតផលរបស់អតិជនផងដែរ។ សូមបញ្ជាក់ថា បុគ្គលិកដែលបំរើការនៅក្នុងមជ្ឈមណ្ឌលលក់ Karcher រួមមានបុគ្គលិកផ្នែកលក់ និងផ្នែកសេវាកម្ម ជួសជុល សុទ្ទសឹងជាបុគ្គលិកជំនាញ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន។

ជាមួយគ្នានេះដែរ លោក មាជ សម្បត្តិ នាយកប្រចាំប្រទេសរបស់ ក្រុមហ៊ុន Kärcher Cambodia បានឲ្យដឹងថា ទីតាំងថ្មីនេះ នឹងផ្តល់នូវភាពងាយស្រួល សម្រាប់អតិថិជនក្នុងការស្វែងរកជាវនូវផលិតផលសំអាតរបស់ ក្រុមហ៊ុនអាល្លឺម៉ង់ដែលមានគុណភាពខ្ពស់ ក៏ដូចជាសេវាកម្មជួសជុលផងដែរ។ ចំណែកអគារការិយាល័យថ្មី ក៏ផ្តល់នូវផាសុខភាពផងដែរដល់បុគ្គលិកដែលបំរើការនៅទីនេះ។

បន្ថែមពីនេះទៀត លោក Klaus Puehmeyer នាយកប្រចាំតំបន់ អាស៊ាន តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានគូសបញ្ជាក់ដែរថា បើទោះជាពីរ បីឆ្នាំចុងក្រោយនេះ យើងមានភាពលំបាកដោយសារតែជំងឺកូវីដ ក៏យើងនូវតែមិនបានបញ្ឈប់នូវការវិនិយោគរបស់យើងនៅក្នុងប្រទេសកម្ពុជាឡើយ។ យើងមានជំនឿថា អតិជនរបស់យើង នឹងរីករាយចំពោះផលិផលសំអាតរបស់យើង ដែលពិតជាផ្តល់នូវប្រយោជន៏ ចំពោះការរស់នៅប្រចាំថ្ងៃ ក៏ដូចជាអាជីវកម្មរបស់ខ្លួន។

សូមជម្រាបថា Kärcher គឺជាក្រុមហ៊ុននាំមុខលំដាប់ពិភពលោកសំរាប់ផលិតផលសំអាត។ ក្រុមហ៊ុនមានបុគ្គលិកសរុបច្រើន ជាង១៤,៤០០នាក់ នៅក្នុង ៧៨ ប្រទេស និងមាន ១៥០ទីតាំង ទូទាំងពិភពលោក។ Kärcher មានមជ្ឈមណ្ឌលបំរើសេវាកម្មជួសជុល ច្រើនជាង ៥០,០០០ កន្លែង នៅទូទាំងពិភពលោក។ នៅឆ្នាំ ២០២១ បរិមាណលក់របស់ក្រុមហ៊ុនបានកើនដល់ជាង៣ ពាន់លានអឺរ៉ូ ដែលជាតួលេខមួយខ្ពស់មិនធ្លាប់មានពីមុន។

សម្រាប់ព័ត៌មានបន្ថែម៖ Email: [email protected] Karcher Centre Phnom Penh www.karcher.com/kh Press contact: Sambath Meach - Country Manager, Karcher Cambodia
Email: [email protected] Telephone៖ ០១៥ ៣៣៦ ៣៣៣៕