(ភ្នំពេញ)៖ អ្នកនាំសារថ្មីនៅក្នុងយុទ្ធនាការ «ការពារខ្លួនអ្នក» ក្នុងរដូវកាលនេះ មានដូចជា កញ្ញា នីគីនីគី កញ្ញា សុីណូរ៉ា រ័ត្នន៍ និង លោក វិ យ៉ារ៉ូ ដែលពួកគាត់សុទ្ធសឹងជាអ្នកមានទេពកោល្យសិល្បៈ និងត្រូវបានមនុស្សជាច្រើនទទួលស្គាល់ គោរពស្រលាញ់ ចូលចិត្តនៅក្នុងប្រទេសកម្ពុជា។

បើនិយាយពីយុទ្ធនាការមុនៗវិញ យើងមានអ្នកនាំសារត្រឹមតែមួយរូបប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរដូវកាលនេះវិញយើងមានអ្នកនាំសារដល់ទៅ ៣រូប ដែលនោះឆ្លុះបង្ហាញថា យុទ្ធនាការ «ការពារខ្លួនអ្នក» នៅក្នុងឆ្នាំនេះ មានលក្ខណៈ ធំជាងមុនយ៉ាងខ្លាំង។

សម្រាប់ កញ្ញា ស៊ីណូរ៉ា ដែលគ្រប់គ្នាស្គាល់គាត់ច្បាស់ថាជាអ្នកតស៊ូមតិដ៏ពូកែ ក្នុងការគាំទ្រដល់់អ្នកដែលស្រលាញ់ភេទដូចគ្នា ជាពិសេសការរើសអើងភេទតែម្តង។ ក្រៅពីនេះ គាត់ជាតារាចំរៀង និងជាសមាជិកម្នាក់នៅក្នុងក្រុមការងាររបស់ workaholic ផងដែរ។

ស៊ីណូរ៉ា មានប្រសាសន៍ថា «នៅពេលដែលខ្ញុំដឹងថា ខ្ញុំបានក្លាយទៅជាអ្នកនាំសារនៅក្នុងយុទ្ធនាការការពារខ្លួនអ្នក គឺខ្ញុំមានអារម្មណ៍ ២ អារម្មណ៍ទី១ គឺសប្បាយចិត្ត អារម្មណ៍ទី២ គឺមានមោទនៈភាព។ ព្រោះអារម្មណ៍សប្បាយចិត្តហ្នឹង គឺយើងឃើញថាយុទ្ធនាការរបស់យើងធំទៅៗ កាលពីរដូវកាលមុនអ្នកនាំសារមានតែម្នាក់ទេ ប៉ុន្តែនៅក្នុងរដូវកាលថ្មីនេះ អ្នកនាំសារមានដល់ទៅ ៣នាក់»។ ជាមួយគ្នានេះដែរ កញ្ញាក៏សម្តែងនូវសេចក្តីពេញចិត្តនិងមានមោទនៈជាខ្លាំងចំពោះការចូលរួមនៅក្នុងយុទ្ធនាការនេះជាលើកទី២ផងដែរ ដោយលើកទី១ កញ្ញាជាអ្នកនាំសារផង និងជាពិធីការីនីផង។

មិនខុសគ្នាប៉ុន្មានដែរ ចំពោះលោក យ៉ារ៉ូវិញក៏មានអារម្មណ៍ប្រហាក់ប្រហែលទៅនឹង កញ្ញា ស៊ីណូរ៉ាដែរ លោកបានបញ្ជាក់ពីអារម្មណ៍ខ្លួនឯងដែរថា «ខ្ញុំបាទយ៉ារ៉ូ ពិតជាសូមអរគុណដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានយល់និងជឿថាខ្ញុំសកសមក្លាយជាអ្នកនាំសារនៅក្នុងយុទ្ធនាការ ការពារខ្លួនអ្នក ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់បាទ»

ម្យ៉ាងទៀត ពិធីករដ៏ពូកែខាងវហារសព្ទម្នាក់នេះ ក៏បានផ្តល់ជាមតិផ្ទាល់ខ្លួនទៅលើពាក្យថា «អ្នកនាំសារ»នេះដែរថា៖ «មុខងារជាអ្នកនាំសារ មានន័យណាស់សម្រាប់ខ្ញុំ ហើយក៏មានន័យថា រាល់ការនាំសាររបស់ខ្ញុំ គឺបានលឺ ដឹង យល់ច្បាស់ ដល់បងប្អូនអ្នកទស្សនា មិនត្រឹមតែប៉ុណ្ណោះទេ បងប្អូនអ្នកទស្សនាអាចយកការនាំសារទាំងអស់នោះទៅអនុវត្តន៍បាន»

សម្រាប់អ្នកនាំសារទី៣ របស់យើងវិញគឺ កញ្ញា នីគីនីគី ដែលជាតារាមានសកម្មភាពមនុស្សធម៌ល្អៗ សម្រាប់សង្គម ជាតារាចំរៀងឯករាជ្យបង្កើតចំរៀងរបស់ខ្លួនឯង រហូតដល់ឥឡូវនេះបានក្លាយទៅជាម្ចាស់ក្រុម workaholic និងអាជីវកម្មផ្សេងៗទៀត។

កញ្ញា នីគីនីគី មានបទពិសោធន៍ជាច្រើននៅលើវិស័យសិល្បៈ រូបគាត់បានចូលរួមជាមួយ យុទ្ធនាការ «ការពារខ្លួនអ្នក» លើកនេះជាមួយនឹងអារម្មណ៍រំភើបសប្បាយរីករាយ។ កញ្ញា នីគីនីគី មានប្រសាសន៍ថា «មានអារម្មណ៍ថាប្លែកព្រោះមិនធ្លាប់បានធ្វើការងារបែបនេះពីមុនមកទេ។ ហើយបានធ្វើជាមួយ ស៊ីណូរ៉ា ដែលជាអ្នកតែងតែពន្យល់ខ្ញុំ និងសមាជិកក្រុម Workaholic អំពីអ្វីៗដែលពួកខ្ញុំមិនសូវយល់ដឹងទាក់ទងទៅនឹង LGBTQ និងការការពារខ្លួនទៀតគឺពិតជាកក់ក្ដៅណាស់»

កញ្ញាក៏អោយគ្រប់គ្នាបើកចំហនៅក្នុងការនិយាយពីរឿងសុខភាពផ្លូវភេទ កញ្ញាបញ្ជាក់ថា «ខ្ញុំគិតថាមិនគួរមានការអៀនខ្មាស់អ្វីទៀតទេជំនាន់នេះហើយ។ មិនខុសពីការនិយាយអំពីវដ្ដរដូវ ការការពារខ្លួន យើងគួរតែនិយាយអំពីសុខភាពបន្តពូជឲ្យធម្មតា កុំខ្សឹបខ្សៀវ កុំនិយាយតែក្បាលឲ្យគេទាយកន្ទុយ។ បណ្ដុះបណ្ដាលមិត្ត បងប្អូន និងមនុស្សជុំវិញខ្លួនដែលមិនសូវយល់ពីរឿងទាំងអស់ហ្នឹងជាមួយភាពជឿជាក់ និងព័ត៌មានដែលត្រឹមត្រូវ ព្រោះថាបើយល់មិនសូវច្បាស់ និយាយខុស គឺអាចពិបាកជាងការដែលមិនយល់អ្វីសោះទៅទៀត។ អញ្ចឹងហើយបានជាត្រូវបណ្ដុះបណ្ដាលខ្លួនឯងឲ្យច្បាស់ល្អសិន!»

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ការពារខ្លួនអ្នក» នេះជាយុទ្ធនាការថ្នាក់ជាតិដែលរៀបចំដោយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងជំងឺកាមរោគ ដែលត្រូវបានប្រើពេលជាង ៨ខែនៅក្នុងការផលិតមាតិកា ដូចជាការនិពន្ធសាច់រឿង ការថត កាត់ត ដើម្បីអោយត្រូវស្តង់ដារបច្ចេកទេសនៃសារមួយចំនួននៅក្នុងយុទ្ធនាការនេះ។ ចំនែកការចាក់ផ្សាយវីដេអូវិញ មាន ១០រឿងជាមួយនឹង ១៥ភាគ ដែលនិយាយពីបញ្ហាសុខភាពបន្តពូជ ពិសេសផ្តោតទៅលើ មេរោគអេដស៍ និងជំងឺកាមរោគផ្ទាល់តែម្តង ហើយវីដេអូអប់រំទាំងអស់នេះ និងមានចាក់ក្នុងពេលឆាប់ៗខាងមុននេះ៕