(តូក្យូ)៖ ខ្សែបម្រើស្លាប Kaoru Mitoma សញ្ជាតិជប៉ុន ដែលកំពុងលេងឲ្យក្លិបអង់គ្លេស Brighton & Hove Albion ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២២ ដោយសមាគមកីឡាបាល់ទាត់ជប៉ុន (JPFA) នៅថ្ងៃពុធ។

យោងតាមសារព័ត៌មានរដ្ឋជប៉ុន Kyodo បានចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ បាននាំមុខគេក្នុងការបោះឆ្នោត ដោយសមាជិកកីឡាករ ១,៦៥៤នាក់របស់ JPFA។

Mitoma ទទួលបានភាពល្បីល្បាញនៅព្រឹត្តិការណ៍ FIFA World Cup 2022 ជាទីកន្លែងដែលលោកបានបង្កើតឲ្យមានជ័យជម្នះ អំឡុងពេលវាយបកឈ្នះ ២-១ លើក្រុមអេស្ប៉ាញក្នុងវគ្គសន្សំពិន្ទុក្នុងពូល។

«គោលបំណងរបស់ខ្ញុំសម្រាប់ក្លិប Brighton គឺបញ្ចប់នៅកម្រិតខ្ពស់តាមដែលអាចធ្វើទៅបាន។ យើងមានបំណងស្ថិតនៅក្រុមកំពូលទាំង៦។ ខ្ញុំចង់ផ្តោតលើការរកគ្រាប់បាល់ និងបញ្ជូនបាល់ ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយឲ្យក្រុមរបស់ខ្ញុំឈ្នះនៅក្នុងការប្រកួតនីមួយៗ» នេះបើតាម Mitoma បានលើកឡើងក្នុងវីដេអូ៕