(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំង នៃគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ចំនួន ៤,៣៧៤នាក់ ដើម្បីត្រៀមបម្រើការងារ និងផ្ដល់សុវត្ថិភាពជូនប្រតិភូកីឡាករ ភ្ញៀវជាតិ-អន្ដរជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ សណ្ដាប់ធ្នាប់ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញមួយនេះ ក្នុងការសហការជាមួយគណៈកម្មការពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិ CAMSOC ក្នុងការយកចិត្តទុកដាក់រៀបចំផែនការការពារ ទាំងកម្លាំងសរុប មធ្យោបាយ សម្ភារៈ និងកិច្ចសហការជាមួយក្រសួង-ស្ថាប័ននានា ។

សម្ដេចពិជ័យសេនាមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៩ ខែមករានេះ ព្រឹត្តិការណ៍ស៊ីហ្គេម នៅសល់តែ ១០៦ថ្ងៃទៀតប៉ុណ្ណោះ មុនពិធីរាប់ថយក្រោយនៅសល់ ១០០ថ្ងៃ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ ។ តាមរយៈពេលនៅសល់នេះ សម្ដេចបានសង្កត់ថា «កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ សម្រាប់ធានានូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង១១ប្រទេស មន្ដ្រី កីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជាដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ»

លើសពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមថ្នាក់ដឹកនាំ CAMSOC គណៈកម្មការជំនាញពាក់ព័ន្ធ បានប្តេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយ ដើម្បីធានាអនុវត្តភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យមានប្រសិទ្ធភាព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្ដេចពិជ័យសេនា បានផ្ដល់ការណែនាំមួយចំនួន ដូចជា៖

១. គណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ សហការជាមួយគណៈកម្មការជំនាញពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិ CAMSOC ធ្វើបច្ចុប្បន្នភាពផែនការការពារជាប្រចាំ និងត្រូវដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យមានប្រសិទ្ធភាព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ ត្រូវខិតខំប្រមូលព័ត៌មាន និងធ្វើការវិភាគវាយតម្លៃ ស្ថានការណ៍សន្តិសុខរួមនៅកម្ពុជា សភាពការណ៍តំបន់ និងសកលលោក ដើម្បីកំណត់វិធានការគន្លឹះ បម្រើឲ្យសកម្មភាពអនុវត្តជាក់ស្ដែងបានទាន់ពេលវេលា។

២. ធ្វើការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដល់កងកម្លាំងសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលមានសមត្ថភាព និងបទពិសោធន៍ការពារព្រឹត្តិការណ៍ធំៗជាលក្ខណៈជាតិ និងអន្តរជាតិនាពេលកន្លងមក ដើម្បីឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង។ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរស្វែងរកការគាំទ្រជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស និងផ្លាស់ប្តូរ បទពិសោធន៍ ពង្រឹងយន្តការទំនាក់ទំនងព័ត៌មានសន្តិសុខ ធ្វើការវិភាគវាយតម្លៃ និងចាត់វិធានការបាន ទាន់ពេលវេលា សម្រាប់បម្រើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

៣. ធ្វើការផ្សព្វផ្សាយដល់កងកម្លាំងជំនាញគ្រប់ប្រភេទ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវ ខ្ពស់ ក្នុងការពង្រឹង និងគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ធានាបរិយាកាសសន្តិសុខរួម និងគាំទ្រដល់ព្រឹត្តិការណ៍នៃការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

៤. ផ្សព្វផ្សាយផែនការពាក់ព័ន្ធដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ពិសេសរាជធានី ខេត្តរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សំដៅលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គាំទ សុវត្ថិភាពព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមផែនការរបស់គណៈកម្មាធិការជាតិ CAMSOC បានកំណត់ ។

៥. កម្លាំងការពារទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើជាគម្រូល្អនៅ គ្រប់ទិដ្ឋភាព គ្រប់កាយវិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងផ្ដល់ស្នាមញញឹមរួសរាយរាក់ទាក់ តាម អភិក្រម "សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ” ។ ជួយផ្សព្វផ្សាយលើកទឹកចិត្តដល់យុវជន និង ប្រជាពលរដ្ឋចូលរួមគាំទ្រ និងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” “ប្រជាជន ម្នាក់លេងកីឡាមួយមុខ" "កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍” និង “កម្ពុជាស្អាត”

៦. ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត ឈន សុភាព ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផ្តល់កិច្ចសម្របសម្រួល និងឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈជូនគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ តាមសំណូមពរដែលបាន លើកឡើងតាមផែនការគម្រោងថវិការបស់គណៈកម្មាធិការជាតិ CAMSOC ៕