(មេនឆេស្ទើ)៖ ខ្សែបម្រើប្រយុទ្ធ Casemiro នឹងមិនមានវត្តមានឡើយ ពេលបិសាចក្រហម Manchester United ប៉ះម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងជើងទី២ នៃ Premier League នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដោយសារតែជាប់បម្រាមកាតលឿង។

កីឡាករអន្តរជាតិប្រេស៊ីលខាងលើនេះ បានទទួលកាតលឿងជាលើកទី៥ ក្នុងរដូវកាលនេះ នៅពេល Man Utd បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Crystal Palace ក្នុងលីគកាលពីរាត្រីថ្ងៃពុធ ជាហេតុធ្វើឲ្យ Casemiro ត្រូវបញ្ឈរជើង ១ប្រកួតបែបនេះ។

នៅចាំបានថា Casemiro ក៏បានចូលលេង ១០នាទីចុងក្រោយផងដែរ ពេល Manchester United បំបាក់ក្រុមកំពូលតារាងបច្ចុប្បន្ន Arsenal ៣ទល់នឹង១ នៅកីឡដ្ឋាន Old Trafford កាលពីជើងទី១ នោះ បានបង្កកំហុសទៅលើកីឡាករ Wilfried Zaha របស់ Crystal នៅនាទី៨០ ទើបទទួលបានកាតលឿង។

Man Utd ដែលបានកំពុងដឹកនាំដោយលោក Erik ten Hag លេងចាញ់ទើបតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២០ប្រកួតគ្រប់កម្មវិធី ដែលពួកគេឈរនៅលេខរៀងទី៣ បណ្តោះអាសន្នមាន ៣៩ពិន្ទុស្មើជាមួយក្រុមការពារតំណែងជើងឯក Manchester City គ្រាដែលចាញ់ក្រុមកំពូលតារាង Arsenal ដល់ទៅ ៨ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៩ នេះ៕