(បរទេស)៖ ក្រុមហ៊ុន Twitter Inc គ្រោងបញ្ឈប់បុគ្គលិកចំនួន ៥០នាក់បន្ថែមទៀតនៅក្នុងផ្នែកផលិតផល របស់ខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ចាប់តាំងពីលោក Elon Musk ឡើងកាន់កាប់តំណែងជាផ្លូវការកាលពីចុងខែតុលា ឆ្នាំ២០២២ មក រចនាសម្ព័ន្ធ Twitter ជាច្រើនត្រូវបានផ្លាស់ប្តូរដោយក្នុងនោះរួមមាន ការគាស់កាយបុគ្គលិកជាច្រើននាក់ចេញ ទាំងអ្នកធ្វើការចាស់ថ្មី បូករួមទាំង CEO Twitter ដែរ។ លើសពីនេះទៅទៀត Musk ក៏បានដាក់ចេញនូវគោលការណ៍បង់ប្រាក់មួយចំនួននៅ Twitter ផងដែរ ដែលត្រូវបានគេស្គាល់ថាជា «សញ្ញាធីកពណ៌ខៀវ» ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីសម្គាល់សិទ្ធ ក៏ដូចជារក្សាសុវត្ថិភាពពីជនខិលខូច។

យ៉ាងណាមិញជុំវិញការបញ្ឈប់បុគ្គលិកនេះ Twitter មិនបានបញ្ជាក់នោះទេ ថាតើវានឹងដំណើរការចាប់ពីថ្ងៃណាទៅ ប៉ុន្តែទំនងជាមិនខុសពីរាល់ដងនោះទេដែលជាទម្លាប់នឹងជូនដំណឹងដល់បុគ្គលិកជាមុនក្នុងការបញ្ឈប់។ តែយ៉ាងណាការចាប់ផ្តើមបញ្ឈប់បុគ្គលិកជាថ្មីម្តងទៀតរបស់ Twitter នេះទំនងដូចទៅនឹងមូលហេតុមុនៗអីចឹងគឺដើម្បីកាត់បន្ថយចំណាយនៅក្នុងក្រុមហ៊ុនដែលកំពុងប្រឈមមុខនឹងការក្ស័យធន ទាំងនេះក៏ដោយសារតែវិនិយោគិនក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាដកខ្លួនចេញពី Twitter។

គួរបញ្ជាក់ដែរថា ប្រាក់ចំណូលរបស់ Twitter សម្រាប់ត្រីមាសទី៤ កន្លងទៅនេះបានធ្លាក់ចុះប្រហែល ៣៥ភាគរយ មកនៅត្រឹមតែ ១.០២៥ពាន់លានដុល្លារប៉ុណ្ណោះ ដែលនាយកប្រតិបត្តិពាណិជ្ជកម្មកំពូលបានបង្ហាញនៅក្នុងកិច្ចប្រជុំ៕