(ត្បូងឃ្មុំ)៖ បន្ទាប់ពីប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ធំ ១០០លានរៀល ដែលជាកម្មករសំណង់រស់នៅខេត្តព្រៃវែងរួចកាលពីពេលកន្លងទៅថ្មីៗនោះ នៅក្នុងសប្ដាហ៍នេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីមួយរូបទៀត ដែលមានមុខរបរជាចុងភៅធ្វើម្ហូប រស់នៅភូមិព្នៅ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោក ចាប ចេន អាយុ៤២ឆ្នាំ ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមាន ភាពខ្សត់ខ្សោយ ជារៀងរាល់ថ្ងៃក្រៅពីធ្វើស្រែចម្ការបន្តិចបន្តួចនៅជុំវិញផ្ទះ លោកតែងចេញធ្វើការរកចំណូលបន្ថែមជាមួយនឹងជំនាញជាចុងភៅធ្វើម្ហូបតាមកម្មវិធីផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលលោកចេញទៅធ្វើជាចុងភៅម្ហូបក្នុងពិធីមង្គលការ លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុងទទួលទាន លុះពេលគាស់ក៏បានឃើញរង្វាន់ ១០០លានរៀលតែម្ដង។

លោកបានបន្តឱ្យដឹងទៀតថា នៅពេលគាស់ឃើញរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ប៉ុន្តែមិនបានប្រកាសប្រាប់អ្នកនៅក្បែរគ្នានោះទេ ព្រោះខ្លាចមានការភ្ញាក់ផ្អើលខ្លាំង លុះក្រោយពេលត្រឡប់មកដល់ផ្ទះវិញក៏និយាយប្រាប់ប្រពន្ធ-កូន និងម្តាយក្មេងដែលស្ថិតក្នុងបន្ទុករបស់លោក ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក ចាប ចេន បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនសាងសង់ផ្ទះឱ្យបានសមរម្យ ព្រោះផ្ទះដែលកំពុងរស់នៅសព្វថ្ងៃមានភាពទ្រុឌទ្រោមខ្លាំង ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបររកស៊ីនៅផ្ទះ ដើម្បីអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ចាប ចេន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់ ៕