(ភ្នំពេញ)៖ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ជាមួយសមាគមដឹកជញ្ជូន អ្នកដំណើរផ្លូវគោកកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូល យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីពិភាក្សាពីការជំរុញ ការប្រើប្រាស់រថយន្តក្រុងអគ្គិសនីនៅកម្ពុជា សម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ផូន។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្ត ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី នាំចូលយានយន្តក្រុងអគ្គិសនី សម្រាប់ធ្វើមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ដើម្បីបំពេញតម្រូវការ របស់សមាគមដឹកជញ្ជូនអ្នកដំណើរ និងបណ្ដាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួនផងដែរ។

លោក ឈួន វ៉ុន បានលើកឡើងថា រថយន្តអគ្គិសនីពិតជារថយន្តល្អ និងសន្សំសំចៃ ដែលផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់។ លោកក៏បានបន្ត និងលើកទឹកចិត្តវិស័យឯកជន សហការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមបណ្ដាខេត្ត និងតំបន់សំខាន់ៗមួយចំនួនផងដែរ។

ក្នុងពេលវេលាដ៏វិសេសវិសាលនេះ ក្រុមហ៊ុន MG ក៏បានចូលរួមកិច្ចប្រជុំផងដែរ តំណាងដោយលោក អ៊ុំ គីម នាយកផ្នែកលក់រថយន្ត MG Cambodia។

លោកក៏បានលើកឡើងថា MG ពិតជារីករាយ និងគាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលើកកម្ពស់ការយល់ដឹង ដល់ប្រជាជនបន្ថែម អំពីរថយន្តអគ្គីសនី និងគាំទ្រគោលការណ៍ ក្នុងការនាំចូលរថយន្តអគ្គិសនីផងដែរ។

លោកបានបន្ថែមថា MG នឹងបន្តនាំចូលនូវរថយន្តប្រភេទអគ្គិសនីដ៏ទំនើប ប្រកបដោយគុណភាពខ្ពស់ ដល់ប្រជាជនកម្ពុជា ជាមួយនឹងរថយន្តអគ្គីសនីម៉ូដែលថ្មី MG Marvel R និង MG 4 ដែលនឹងមានវត្តមាន នៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

ក្រុមហ៊ុន MG ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសម្រាប់ការពិភាក្សា និងតែងតែគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងការនាំចូលរថយន្តអគ្គិសនី និងបានផ្តល់ការសម្របសម្រួលដ៏ល្អ គឺការពង្រីកនូវបណ្តាញ ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីជាច្រើនកន្លែង នៅតាមទីតាំងល្អជាច្រើនដូចជា៖ ទីក្រុងភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងមានគម្រោងដំឡើងបន្ថែមទៀត នៅតាមតំបន់សំខាន់ៗ ដែលពិតជាការគាំទ្រដ៏ល្អ សម្រាប់ក្រុមហ៊ុនឯកជន នាំចូលរថយន្តអគ្គិសនី និងអ្នកប្រើប្រាស់ផងដែរ៕