(ម៉ាទ្រីដ)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន Lucas Roman។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

កីឡាករវ័យទើបតែ ១៨ឆ្នាំរូបនេះ បានចូលរួមជាមួយ Barca ដោយផ្ទេរមកពីក្លិប Ferro Carril Oeste ជាមួយនឹងតម្លៃខ្លួនដែលគេជឿជាក់ថា មានជាង ១លានអឺរ៉ូ ហើយបានចុះហត្ថលេខាលើកិច្ចសន្យាទិញតម្លៃ ៤០០លានអឺរ៉ូរហូតដល់ខែមិថុនា ឆ្នាំ២០២៦។

បើទោះបីជា Roman នឹងចាប់ផ្តើមដំបូងលេងឲ្យក្រុមលំដាប់ទី២ របស់ Barcelona ក្នុងលីគលំដាប់ទី៣ របស់អេស្ប៉ាញក្តី ប៉ុន្តែរយៈពេលនៃកិច្ចសន្យាបានបង្ហាញថា លោកនឹងអាចលេងឲ្យក្រុមធំនៅពេលឆាប់ៗខាងមុខ។

Roman បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិប Ferro Carril Oeste នៅពេលដែលលោកមានអាយុត្រឹមតែ ៧ឆ្នាំ ហើយអាចលេងបានទាំងក្នុងតួនាទី ជាខ្សែបម្រើស្លាប និងបម្រើប្រយុទ្ធផងដែរ។

គិតមកទល់ពេលនេះ លោកបានលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនកម្រិត U13, U15, U17 និង U20៕