(ម៉ូនិច)៖ កីឡាករចាំទី Yann Sommer បានចូលរួមជាមួយក្លិបខ្លារខិន Bayern Munich ដោយផ្ទេរមកពីក្លិបដែលលេងនៅលីគ Bundesliga រួមគ្នា គឺក្លិប Borussia Monchengladbach។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

Sommer ដែលជាកីឡាករអន្តរជាតិស្វីស គឺជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទី ដែលលេងបានល្អបំផុតនៅប្រទេសអាល្លឺម៉ង់ អំឡុងពេលលោកលេងនៅក្លិប Gladbach។

ស្ថិតក្នុងវ័យ ៣៤ឆ្នាំ ដែលកិច្ចសន្យារបស់លោកគ្រោងនឹងផុតកំណត់នៅដំណាច់រដូវកាលនេះ Sommer បានចូលរួមជាមួយ Bayern លើកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះជាមួយនឹងតម្លៃខ្លួនត្រូវបានគេរាយការណ៍ថា ៨លានអឺរ៉ូ។

Bayern ចង់បន្ថែមជម្រើសអ្នកចាំទីរបស់ពួកគេ បន្ទាប់ពីកីឡាករចាំទី Manuel Neuer ត្រូវបានអវត្តមានពីការប្រកួតសម្រាប់រយៈពេលដែលនៅសេសសល់ ក្នុងរដូវកាលនេះ ក្រោយពីបានបាក់ជើងនៅពេលជិះស្គីកម្សាន្តកាលពីខែធ្នូ ឆ្នាំ២០២២។

Sommer បានចូលរួមជាមួយ Gladbach ក្នុងឆ្នាំ២០១៤ ហើយបានបង្ហាញខ្លួន ២៧២ប្រកួត។ ​

សូមជម្រាបថា Bayern នឹងចាប់ផ្តើមយុទ្ធនាការលីគ Bundesliga របស់ពួកគេ ដោយត្រូវប៉ះក្រុម RB Leipzig នៅថ្ងៃសុក្រនេះ៕