(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកយុវជនគីរីសួគ៌ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ ១ថ្ងៃ កាលពីថ្ងៃទី១៩ ខែមករា នៅសាលកីឡា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបច្ចេកទេស និងវិន័យរបស់កីឡាករ-កីឡាការិនីវ័យក្មេងចូលរួមទាំងអស់ ។

នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីបិទការប្រកួត ដែលធ្វើឡើងក្រោមវត្តមានលោក ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធ ។ ការប្រកួតនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៥២នាក់ មកពី ១១សមាគម/ក្លិប និងធ្វើការប្រកួតលើ ១០វិញ្ញាសា ។

លោកថា ការរៀបចំពានរង្វាន់យុវជននេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ស្របតាមទិសដៅរបស់រដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាឱកាសសម្រាប់សហព័ន្ធធ្វើការសម្រិតសម្រាំងអ្នកបន្ដវេនផងដែរ ។ ក្នុងនាមប្រធានសហព័ន្ធ លោកបានប្ដេជ្ញានឹងបន្ដកិច្ចសហការជាមួយវិស័យឯកជន ដើម្បីរៀបចំការប្រកួតជាបន្ដបន្ទាប់ទៀត ។

លោក អ៊ូ រតនា បានបញ្ជាក់ថា «ការចូលរួមប្រកួតរបស់ពួកគាត់(កីឡាករ-កីឡាការិនីវ័យក្មេង) គឺមានភាពល្អប្រសើរ ទាំងបច្ចេកទេស និងវិន័យ ។ ឆ្លៀតឱកាសន យើងក៏សូមអរគុណលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលខិតខំបង្ហាត់បង្រៀន ក៏ដូចជាអាណាព្យាបាលផងដែរ ដែលផ្ដល់ឱកាស និងជំរុញកូនៗលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ក្រោយទំនេរពីការសិក្សាផងដែរ» ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផល នៃការប្រកួតវិញ គឺក្រុមយុវជនមកពីក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៧គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១, ក្លិបវ៉ូវីណាមសែនសុខ ឈរលេខ២ ឈ្នះមេដាយមាស ៣ និងសំរឹទ្ធ ២, ក្លិបសម្បត្តិមន្នី ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៥, ក្លិបក្រសួងការពារជាតិ ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២គ្រឿង និងក្លិបតាឡី ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខរៀងទី៥ ៕