(បរទេស)៖ រឿង «Avatar: The Way Of Water» បានវ៉ាដាច់រឿង «Spider-Man: No Way Home» ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុត ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ 

ក្រុមហ៊ុន Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្សែភាពយន្តដែលដឹកនាំដោយ James Cameron Avatar វគ្គ២ ទទួលបានចំណូល ១.៩៣ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក ខណៈរឿង «Spider-Man: No Way Home» របស់ក្រុមហ៊ុន Sony Group ចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២១ រកចំណូលបាន ១.៩២ពាន់លានដុល្លារ។ ការរីករាលដាលនៃមេរោគ Covid-19 បានជំរុញឱ្យរោងកុនទូទាំងពិភពលោកត្រូវបិទ ហើយអ្នកទស្សនាភាពយន្តមួយចំនួនបានជ្រើសរើសជៀសវាងកន្លែងសាធារណៈ។ តែយ៉ាងណា នៅពេលដែលជំងឺរាតត្បាតធូរស្បើយឡើងវិញ អ្នកទស្សនាភាពយន្តបាននាំគ្នាទៅមើលកុន តាមគន្លងថ្មី ដើម្បីទទួលបទពិសោធន៍ក្នុងរោងកុនដូចពេលមុន។ 

រឿង «Avatar: The Way Of Water» ឥឡូវនេះជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទីប្រាំមួយគ្រប់ពេល។ Avatar ឆ្នាំ ២០០៩ ជំនាន់មុន គឺឈរលេខ១ ដោយរកបាន ២.៩២ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម ​​Box Office Mojo៕