(បរទេស)៖ ចាប់តាំងពីកំពូលមហាសេដ្ឋីលោក Elon Musk ឡើងកាន់កាប់តំណែងជាផ្លូវការនៅ Twitter កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២កន្លងមក ក្រុមហ៊ុននេះហាក់រង្គោះរង្គើរជាខ្លាំង ជាមួយនឹងការកាត់បន្ថយការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ពីក្រុមហ៊ុនកំពូលៗ ដែលឈានដល់ការបាត់ចំណូលជាង ៤២ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

ជុំវិញការបាត់ចំណូលដ៏ច្រើនសន្ឋឹកនេះប្រភពពីក្រុមហ៊ុន Pathmatics បានឱ្យដឹងថា ទាំងនេះគឺបណ្តាលមកពីអ្នកផ្សាយពាណិជ្ជកម្មកំពូលៗជាច្រើនបានកាត់បន្ថយការចំណាយរបស់ពួកគេ។ តួយ៉ាងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មចំនួន ១៤ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៣០នៅលើ Twitter បានបញ្ឈប់ការផ្សាយពាណិជ្ជកម្មរបស់ពួកគេទាំងស្រុង បន្ទាប់ពី Musk បានឈានជើងមកដល់ Twitter។ ចំណែកក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្មចំនួន ៤ផ្សេងទៀតបានកាត់បន្ថយចំណាយចន្លោះពី ៩២ភាគរយ ទៅ ៩៨ភាគរយ ត្រឹមតែរយៈពេល ២សប្តាហ៍នៃការគ្រប់គ្រងរបស់ Musk។ តាមរយៈការប៉ាន់ប្រមាណសរុប ការចំណាយលើការផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនកំពូលទាំង ៣០នៅលើ Twitter បានធ្លាក់ចុះខ្ទង់ ៤២ភាគរយ មកនៅត្រឹម ៥៣.៨លានដុល្លារគិតត្រឹមខែវិច្ឆិកា និងខែធ្នូ បូកបញ្ចូលគ្នា បើទោះបីជាក្រុមហ៊ុន ៦ផ្សេងទៀតនៅតែបន្តការផ្សាយពាណិជ្ជកម្មក៏ដោយ។

លើសពីនេះប្រភពពី Pathmatics បានចេញការសង្ខេបក្រុមហ៊ុនដកការផ្សាយពាណិជ្ជកម្មនៅ Twitter ក្នុងនោះរួមមាន ក្រុមហ៊ុន Coca-Cola បានបញ្ឈប់ការចំណាយនៅពាក់កណ្តាលខែវិច្ឆិកា បន្ទាប់ពីការទិញប៉ាន់ស្មានចំនួន ១.១លានដុល្លារនៅក្នុងការផ្សាយពាណិជ្ជកម្មតាម Twitter ខណៈដែលការចំណាយរបស់ HBO បានធ្លាក់ចុះដល់ប្រមាណ ៣៨,០០០ដុល្លារក្នុងខែធ្នូ ពីប្រហែល ១.១លាននៅក្នុងខែវិច្ឆិកា។ ក្រុមហ៊ុន Kraft Heinz Co និងក្រុមហ៊ុនផលិតអាហារ Stouffers Nestle Sa បានបញ្ឈប់រាល់ការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើ Twitter ចំណែកឯក្រុមហ៊ុនលក់រាយដ៏ធំ Target Corp និងប្រតិបត្តិករហាងទំនិញ Kohls Corp ក៏បានរំលងការផ្សាយពាណិជ្ជកម្មនៅរៀងរាល់ Black Friday ដែលជាថ្ងៃទិញទំនិញដ៏ធំប្រចាំឆ្នាំផងដែរ។

យ៉ាងណាមិញហេតុផលត្រឹម Musk មកគ្រប់គ្រងនៅ Twitter ដែលបណ្តាលឱ្យមានការកាត់បន្ថយការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់នេះកំពុងជាបញ្ហាចោទសម្រាប់អ្នកវិភាគជាច្រើនដោយក្នុងនោះក្រុមហ៊ុនវិភាគ Pathmatics ដដែលបានលើកឡើងថា តួលេខក្រុមហ៊ុនដែលបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ Twitter ពីមុនគឺជាការប៉ាន់ស្មាន។ ខណៈការប៉ាន់ប្រមាណទាំងនោះមិនមានគណនីសម្រាប់កិច្ចព្រមព្រៀងដែលអ្នកផ្សាយពាណិជ្ជកម្មទទួលបានការយល់ព្រមពី Twitter ក្នុងការផ្សព្វផ្សាយនិន្នាការនោះទេ។ Pathmatics បាននិយាយនៅក្នុងអ៊ីមែលថា «វាអាចទៅរួចដែលដោយសារទិន្នន័យនៃការចំណាយអាចនឹងមានតម្លៃខ្ពស់ជាង Brands មួយចំនួន»

ពាក់ព័ន្ធនឹងបញ្ហាក្រុមហ៊ុនដកការផ្សាយពាណិជ្ជកម្មចេញពី Twitter នេះកាលពីអំឡុងព្រឹត្តិការណ៍ Twitter Space ខែវិច្ឆិកា លោក Musk បានលើកឡើងថា លោកយល់នូវសំណើក្រុមហ៊ុនផ្សេងៗចង់បាន «រយៈពេល ១នាទី»។ ប៉ុន្តែលោកចង់ឱ្យក្រុមហ៊ុនទាំងនោះរង់ចាំមើលពីដំណើរការ Twitter ជាមុនសិន ហើយវិធីល្អនោះគឺ «គ្រាន់តែប្រើ Twitter»

បើយោងតាមការចែករំលែករបស់នាយកប្រតិបត្តិពាណិជ្ជកម្ម Twitter ដែលបានឃើញដោយ The Information បានឱ្យដឹងថា ប្រាក់ចំណូលរបស់ Twitter ក្នុងត្រីមាសទី៤ គឺបានធ្លាក់ចុះខ្ទង់ ៣៥ភាគរយបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ ទាំងនេះក៏ដោយសារការតែធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្មផងដែរ។ Twitter បានបង្ហោះការខាតបង់ចំនួន ២៧០លានដុល្លារក្នុងរយៈពេលបីខែដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា លើប្រាក់ចំណូលសរុបប្រហែល ១.១៨ពាន់លានដុល្លាររបស់ខ្លួន។

តែយ៉ាងណា Twitter ហាក់មិនបានអោបដៃឈរមើលអតិថិជនរបស់ខ្លួនដើរចេញនោះទេ បន្ទាប់ពីការបាត់ចំណូលដ៏ច្រើនសន្ឋឹកនេះ បើទោះបីជាបញ្ហាខ្លះកំពុងស្ថិតក្នុងការភាន់ច្រឡំក៏ដោយ Twitter បានសម្រេចផ្លាស់ប្តូរគោលការណ៍មួយចំនួនរបស់ខ្លួនដើម្បីទាក់ចិត្តអ្នកផ្សាយពាណិជ្ជកម្មមកវិញ។ ដោយក្នុងនោះ Twitter បានដាក់ចេញនូវមុខងារផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃ លុបចោលការហាមឃាត់លើការផ្សាយពាណិជ្ជកម្មនយោបាយ និងអនុញ្ញាតឱ្យក្រុមហ៊ុនមានការគ្រប់គ្រងកាន់តែខ្លាំងលើការកំណត់ទីតាំងនៃការផ្សាយពាណិជ្ជកម្មរបស់ពួកគេ៕