(ភ្នំពេញ)៖ កម្ពុជា នឹងប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួបពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ។

ការប្រកាន់ជំហរប្រើប្រាស់ពាក្យ “គុនខ្មែរ” ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ធ្វើឡើងតាមរយៈលិខិតលាយលក្ខណ៍ ដែលកម្ពុជាបានជូនដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិក(NOC) នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់កាលពីថ្មីៗ ដើម្បីបង្ហាញពីកីឡាអត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានបញ្ជាក់ថា «យើងបានប្រាប់ទៅ NOC ប្រទេសទាំងអស់ថា យើងនឹងប្រើពាក្យថា «គុនខ្មែរ» ក្នុងការប្រកួតកីឡាប្រភេទកីឡា Muay សម្រាប់ស៊ីហ្គេមនៅប្រទេសរបស់យើង ។ យើងអត់ខ្វល់គេថាម៉េច ឬគិតយ៉ាងម៉េចនោះទេ គ្រាន់តែដឹងថា យើងបានប្រាប់គេហើយ គឺយើងនឹងប្រើប្រាស់ពាក្យ «គុនខ្មែរ» ក្នុងនាមយើងជាម្ចាស់ផ្ទះ»

លោក វ៉ាត់ ចំរើន បន្ថែមថា «ការប្រកាន់ជំហរប្រើប្រាស់ពាក្យ «គុនខ្មែរ» នេះ គឺដើម្បីកុំឲ្យមានការច្របូកច្របល់ ឬមតិយោបល់មហាជនរបស់យើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត ។ នេះគឺជាជោគជ័យ ហើយក៏ជាកិត្តិយសមួយ ដែលយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះ យើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្ដីប្រាថ្នា ក្នុងការប្រើពាក្យ «គុនខ្មែ» នៅក្នុងស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង»

ជាមួយការប្រការជំហរដ៏ម៉ឹងម៉ាត់នេះ ត្រូវបានមហាជន ពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ សម្ដែងនូវការសាទរ និងគាំទ្រពេញទំហឹង ចំពោះប្រើប្រាក់ពាក្យ “គុនខ្មែរ” ដែលជាកីឡាអត្តសញ្ញាណមួយរបស់កម្ពុជា ហើយមានអ្នកខ្លះ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរកីឡាពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រនេះឡើងផងដែរ ៕