(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក T-Mobile បាននិយាយថាពួក Hacker បានលួចទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួនចំនួន ៣៧លាននាក់ រួមមានអាសយដ្ឋាន លេខទូរស័ព្ទ និងថ្ងៃ ខែ ឆ្នាំកណើតជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

T-Mobile បាននិយាយនៅក្នុងឯកសារមួយទៅកាន់គណៈកម្មការមូលបត្រសហរដ្ឋអាមេរិកថា ការបំពានត្រូវបានរកឃើញនៅថ្ងៃទី០៥ ខែមករា ថ្មីៗនេះ ស្របពេលដែលទិន្នន័យត្រូវបានចូលប្រើជាលើកដំបូងនៅចន្លោះថ្ងៃទី២៥ ខែវិច្ឆិកា។ ខណៈទិន្នន័យដែលប្រឈមនឹងការលួចផ្អែកលើការស៊ើបអង្កេតរបស់ខ្លួនរហូតដល់បច្ចុប្បន្ននេះមិនមានផលប៉ះពាល់ដល់ពាក្យសម្ងាត់ ឬលេខសម្ងាត់ គណនីធនាគារ ព័ត៌មានប័ណ្ណឥណទាន លេខសន្តិសុខសង្គម និងលេខសម្គាល់រដ្ឋាភិបាលផ្សេងៗនោះទេ។

បើទោះបីជាការស៊ើបអង្កេតរកឃើញមិនមានជះឥទ្ធិពលខ្លាំងដល់បណ្តាញផ្សព្វផ្សាយរបស់ខ្លួនក៏ពិតមែន ប៉ុន្តែ T-Mobile ហាក់មិនទុករឿងនេះចោលនោះទេដោយលើកឡើងថា ក្រុមហ៊ុននឹងនៅតែបន្តការស៊ើបអង្កេតទៅបញ្ហានេះ។ ពាក់ព័ន្ធនឹងករណីនេះមិនមែនជាលើកទី១ ទេសម្រាប់ T-Mobile ដែលប្រឈមមុខនឹងពួក Hacker ដោយកាលពីអំឡុងខែកក្កដាឆ្នាំមុន ក្រុមហ៊ុននេះទើបតែយល់ព្រមបង់ប្រាក់ចំនួន ៣៥០លានដុល្លារដល់អតិថិជនសរុប ៨០លាននាក់ដែលបានដាក់ពាក្យប្តឹងជុំវិញលេខសន្តិសុខសង្គម និងព័ត៌មានប័ណ្ណបើកបរត្រូវបានលួច។ ក្នុងនោះ T-Mobile ក៏បានគូសបញ្ជាក់ដែរថា ខ្លួននឹងចំណាយប្រាក់ ១៥០លានដុល្លារបន្ថែមទៀតគិតត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីពង្រឹងសុវត្ថិភាពទិន្នន័យ និងបច្ចេកវិទ្យាផ្សេងទៀតរបស់ខ្លួន។

បើយោងតាមរបាយការណ៍ចុងក្រោយក្រុមហ៊ុន T-Mobile បាននិយាយថា ខ្លួនមិនរំពឹងថាការឈ្លានពាននេះ នឹងមានឥទ្ធិពលលើប្រតិបត្តិការរបស់ខ្លួននោះទេ។ ប៉ុន្តែអ្នកវិភាគជាន់ខ្ពស់នៃសេវាវិនិយោគរបស់ Moody លោក Neil Mack បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំពាននេះកំពុងបង្កជាសំណួរអំពីការគ្រប់គ្រងតាមអ៊ីនធឺណិតរបស់អ្នកគ្រប់គ្រង ហើយអាចធ្វើឱ្យអតិថិជនមានការរំខាន និងទាក់ទាញការត្រួតពិនិត្យដោយគណៈកម្មការទំនាក់ទំនងសហព័ន្ធ និងនិយតករផ្សេងទៀត៕