(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលលើកមករៀបចំនាដើមឆ្នាំ២០២៣ នេះ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៧-២០ ខែមករា នៅក្នុងពហុកីឡដ្ឋានជាតិ ដោយក្លិបតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៨៣នាក់ មកពី ១៥សមាគម/ក្លិប ក្នុងនោះមានក្លិបនៅភ្នំពេញ ១៣ក្លិប, ខេត្តកំពង់ចាម ១ក្លិប និងខេត្តបាត់ដំបង ១ក្លិប។ ការប្រកួតរៀបចំចំនួន ១២វិញ្ញាសា ក្នុងនោះមានវិញ្ញាសាប្រយុទ្ធបុរស-នារី ១០វិញ្ញាសា និងមេគុនបុរស-នារី ៥វិញ្ញាសា។

ជាលទ្ធផលបច្ចេកទេស ក្រសួងមហាផ្ទៃបានឈរកំពូលតារាងមេដាយ ដោយដណ្ដើមបាមមេដាយសរុប ៦គ្រឿង (មាស ៥ និងប្រាក់ ១) តាមពីក្រោយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១)។ រីក្លិបមិត្តភាព ឈ្នះមេដាយមាស ២ និងសំរឹទ្ធ ២ ឈរលេខ៣, ក្លិបពិភពថ្មី ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ និងក្លិប Mini Club ឈ្នះមេដាយមាស ១គ្រឿងផងដែរ។

ថ្លែងក្នុងពិធីបិទការប្រកួតលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ក៏ដូចជាគណៈកម្មការរៀបចំ។ លោកស្រីបានជំរុញដល់កីឡាករ-កីឡាការិនី ទាំងអ្នកទទួលបានជយលាភី និងពុំទទួលបានជយលាភី ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសក្រុមជម្រើសជាតិ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ៕