(ភ្នំពេញ)៖ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញអាជ្ញាកណ្ដាល-ចៅក្រម ត្រូវប្រកាន់ភ្ជាប់នូវសច្ចៈ និងយុត្ដិធម៌ជានិច្ច ក្នុងការកាត់សេចក្ដី ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម កីឡាការ៉ាតេ ថ្នាក់ជាតិកម្រិត B និងទិន្ន័យកីឡា ឆ្នាំ២០២២ ក្រោយដំណើរការរៀបចំរយៈពេល ៥ថ្ងៃ ដែលទើបបញ្ចប់កាលពីថ្ងៃទី២០ ខែមករាម្សិលមិញ។ វគ្គនេះមានសិក្ខាកាមចូលរួមសរុប ៣០នាក់ មកពី ១០សមាគម/ក្លិប។

លោកថា គោលបំណងនៃការរៀបចំវគ្គនេះ គឺដើម្បីលើកកម្ពស់ធនធានអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជា ឲ្យមានសក្ដានុពល ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតកីឡាការ៉េតេជ្រើសរើសជើងឯកថ្នាក់ជាំតិ ឆ្នាំ២០២៣ នាដើមខែមីនាខាងមុខ ពិសេសសម្រួចសមត្ថភាពមន្ដ្រីបច្ចេកទេសត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភា។

ក្រោយចប់វគ្គខាងលើអគ្គលេខាធិការសហព័ន្ធដដែលផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ថា «ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះវិជ្ជាជីវៈអាជ្ញាកណ្ដាល-ចៅក្រម ដោយប្រកាន់ភ្ជាប់នូវសច្ចៈ យុត្តិធម៌ ក្នុងការវិនិច្ឆ័យនៅពេលប្រកួត ដើម្បីរក្សានូវគុណតម្លៃវិជ្ជាជីវៈរបស់ខ្លួន...។ ការកាត់ក្តីលម្អៀងធ្វើឲ្យកីឡាករ-កីឡាការិនីបាក់ទឹកចិត្ត និងបាត់បង់អានាគត ហើយក៏ធ្វើឲ្យបាត់បង់កិត្តិយសខ្លួនឯងថែមទៀត។ ហេតុនេះអជ្ញាកណ្តាល-ចៅក្រម ត្រូវឈរលើភាពយុត្តិធម៌ ក្នុងការកាត់សេចក្តី បើឈ្នះដឹងឈ្នះ បើចាញ់ដឹងចាញ់»

បន្ថែមលើនេះ លោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើបនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរចំពោះការរៀបចំវគ្គនេះឡើង ស្របតាមគោលការណ៍ និងកំណែទម្រង់របស់ក្រសួង ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផលិតបាននូវធនធានមន្ដ្រីបច្ចេកទេសកម្រិតខ្ពស់ត្រៀមចូលរួមអភិវឌ្ឍន៍វិស័យកីឡាការ៉េតេកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕