(ភ្នំពេញ)៖ កម្ពុជាតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈនិមិត្ដរូបនៃ ១០០ថ្ងៃនេះ គឺជាការផ្ញើសារដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាត្រៀមខ្លួនរួចរាល់ ឬ Cambodia is Ready ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMCOC ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ ក្នុងដំណាក់កាល Games Time កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការចូលរួមពីលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការពាក់ព័ន្ធទាំងអស់ផងដែរ ។

លោកបានគូសបញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារឆ្នាំ២០២២ ដែលសម្រេចបាននូវការងារសំខាន់ៗជាច្រើន ហើយនៅសល់តិចតួច សម្ដេចបានជំរុញឲ្យយកចិត្តទុកដាក់បន្ថែម ពិសេសការងារចំពោះមុខ ដែលត្រៀមរៀបចំ ដូចជាពិធីរាប់ថយក្រោយ ១០០ថ្ងៃ, ព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា និងដំណើរការដង្ហែរភ្លើងគប់ ទាំងក្នុងស្រុក និងក្រៅស្រុកជាដើម ដើម្បីបំផុសការផ្សព្វផ្សាយ និងត្រៀមចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ។

លោក វ៉ាត់ ចំរើន បន្ដថា «ចាប់ពីរយៈពេលនៅសល់ ១០០ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣) សម្តេចពិជ័យសេនា បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាសន ស្នើសុំដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសទូរទស្សន៍ទាំងអស់ ជួយផ្សព្វផ្សាយ ស្ពតផ្សព្វផ្សាយឲ្យបានច្រើនជាអតិបរមា តាមដែលអាចធ្វើទៅបាន។ អ៊ីចឹងរាល់កម្មវិធីទូរទស្សន៍ទាំងអស់ ត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិ ដើម្បីបំផុសចលនាឲ្យទទួលបានការគាំទ្រឲ្យបានខ្លាំងក្លា»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បន្ថែមថា «នេះជាការបង្ហាញឲ្យកាន់តែច្បាស់អំពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពីព្រោះនិមិត្តរូបនៃ ១០០ថ្ងៃ គឺជាការផ្ញើសារជូនទៅដល់គ្រប់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាគឺបានត្រៀមខ្លួនរួចរាល់ “Cambodia is Ready” ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ»

ជាមួយគ្នាដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញលើការបំពាក់ប្រព័ន្ធអ៊ិនធឺណេតឲ្យបានគ្រប់កន្លែង ក្នុងអំឡុងពេលប្រកួត ព្រោះប្រព័ន្ធអ៊ិនធឺណេត ជាចំណុចគន្លឹះក្នុងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅទូទាំងប្រទេស និងទៅកាន់បរទេស ។ ជាការឆ្លើយតប មន្ដ្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់បង្ហាញជូនកិច្ចប្រជុំថា នឹងមានការបំពាក់ឧបករណ៍ Wi-Fi នៅគ្រប់ទីកន្លែង និងមានរថយន្ត Wi-Fi ចល័ត ដើម្បីជួយបន្ថែមកម្លាំងលើប្រព័ន្ធអ៊ិនធឺណិត ទៅតាមគោលដៅរាជធានី-ខេត្ត ដែលត្រូវរៀបចំការប្រកួតផងដែរ ។ លោក វ៉ាត់​ ចំរើន បន្ថែម ៕