(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានរកជើងខ្លាំងក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ហើយ ដោយក្លិបកីឡាហែលទឹកក្រសួងសាធារណៈការ និងដឹកជញ្ជូន ដណ្ដើមបានមេដាយច្រើនជាងគេ ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតនេះ មានរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៨-២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១០៣នាក់ មកពី ៨ក្លិប និងប្រកួតលើ ២០វិញ្ញាសា ។

ជាលទ្ធផលបច្ចេកទេស គឺក្លិបហែលទឹកក្រសួងសាធារណៈការ និងដឹកជញ្ជូន ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២០គ្រឿង (មាស ៩ ប្រាក់ ៩ និងសំរឹទ្ធ ២), ក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៨ និងសំរឹទ្ធ ២), ក្លិបព្រឹទ្ធាចារ្យ ហែម ថុន ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ២ ប្រាក់ ៥ និងសំរឹទ្ធ ៦) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសរុប ៩គ្រឿង (មាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៤) ។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធ ហើយលោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតបន្ដបន្ទាប់ ពិសេសក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ៕