(ដតម៉ាន់)៖ ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Sebastien Haller អាចនឹងត្រឡប់ចូលប្រកួតវិញ បន្ទាប់ពីទទួលការព្យាបាលជំងឺមហារីកពងស្វាស។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

លោកត្រូវបានដាក់បញ្ចូលក្នុងក្រុម Dortmund សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យប៉ះក្លិប Augsburg ហើយអ្នកចាត់ការ Edin Terzic នឹងសម្រេចថាតើ Haller អាចចូលរួមលេងបានប៉ុន្មាននាទី។

Haller វ័យ ២៨ឆ្នាំ បានទទួលការវះកាត់ និងប្រើប្រាស់ថ្នាំគីមី មុនពេលថ្មីៗនេះបានវិលត្រឡប់ចូលរួមហ្វឹកហាត់វិញ។

ការធ្វើរោគវិនិច្ឆ័យរកឃើញជំងឺមហារីករបស់ Haller បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកបានចុះកិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Dortmund ដោយផ្ទេរមកពីក្លិប Ajax កាលពីខែកក្កដា ឆ្នាំ២០២២។

Dortmund កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងលីគ Bundesliga ដាច់ ៩ពិន្ទុពីក្រោយក្រុមកំពូលតារាង Bayern Munich បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួត៕