(ឡុងដ៍)៖ កីឡាករ Kristiansen បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ២០២៨ ចូលរួមជាមួយក្លិបកញ្ជ្រោងខៀវ Leicester City ដោយផ្ទេរមកពី Copenhagen របស់ដាណឺម៉ាក្នុងតម្លៃ ១៧លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិដាណឺម៉ាក Under-21 វ័យ ២០ឆ្នាំរូបនេះ នឹងជួយបង្កើនជម្រើសរបស់អ្នកចាត់ការ Brendan Rodgers ក្នុងតួនាទីខ្សែការពារខាងឆ្វេង បន្ទាប់ពីការរងរបួសរយៈពេលយូររបស់កីឡាករ James Justin។

Leicester City បានតស៊ូជាមួយទម្រង់លេងមិនល្អចាប់តាំងពីបាល់ទាត់ក្នុងស្រុកបន្តចាប់ផ្តើមឡើងវិញ ក្រោយពីចប់ World Cup 2022 ហើយបានចាញ់ ៤ប្រកួតជាប់ៗគ្នានៅលីគកំពូលអង់គ្លេស Premier League។

​ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាង Premier League មានត្រឹមតែ ២ពិន្ទុប៉ុណ្ណោះលើតំបន់កាត់ចេញ។

Kristiansen បានបង្ហាញខ្លួនជាង ៧០លើកសម្រាប់ក្លិបក្នុងស្រុក Copenhagen៕