(បរទេស)៖ សហភាពអឺរ៉ុប (EU) បានព្រមាន TikTok ថាអាចនឹងប្រឈមមុខនឹងការហាមប្រាម ប្រសិនបើមិនព្រមគោរពតាមបទបញ្ញត្តិ និងច្បាប់សេវាកម្មឌីជីថល (DSA) ដែលទើបអនុម័តថ្មីទាក់ទងនឹងគោលការណ៍ឯជនភាពរបស់សមាជិកបណ្តាលប្រទេសសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។

តាមររយៈខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ច្បាប់សេវាកម្មឌីជីថល (DSA) ថ្មីត្រូវបានអនុម័តក្នុងគោលបំណងកែលម្អ និងសម្របសម្រួលមាតិកាដែលមានហានិភ័យមួយចំនួននៅលើ Platform ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងដាក់ចេញនូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើមាតិកាមួយចំនួន និងរបៀបដែលអ្នកផ្សាយពាណិជ្ជកម្មកំណត់គោលដៅអ្នកប្រើប្រាស់។

មន្ត្រីកំពូលសហភាពអឺរ៉ុបលោក Thierry Breton បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew នៅថ្ងៃព្រហស្បតិ៍ថា TikTok គួរតែអនុវត្តច្បាប់សេវាកម្មឌីជីថលរបស់សហអឺរ៉ុប (DSA) ឱ្យបានមុនពេលការបរិច្ឆទផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ។ យោងតាមបទប្បញ្ញត្តិថ្មី បណ្តាញសង្គមវីដេអូខ្លីៗ TikTok អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ ហើយអ្វីៗអាចនឹងកើនឡើងដល់ការហាមឃាត់វេទិកានេះពីប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុប។

លោក Thierry Breton បានបន្ថែមទៀតថា ប្រសិនបើ TikTok មិនព្រមអនុវត្តស្របតាមច្បាប់របស់សហភាពអឺរ៉ុបទេនោះ «យើងនឹងមិនស្ទាក់ស្ទើក្នុងការអនុម័តវិសាលភាពពេញលេញនៃទណ្ឌកម្មដើម្បីការពារពលរដ្ឋរបស់យើង»