(ក្រុងឡុងដ៍)៖ ក្រុមសារិកាព្រៃ Newcastle United បានបង្កើតកំណត់ត្រាថ្មី តាមរយៈលេង ១៥ប្រកួតនៅ Premier League មិនចាញ់ឡើយនារដូវកាលនេះ ជាមួយនឹងការបញ្ចប់ក្នុងលទ្ធផលគ្មានគ្រាប់ស៊ុតជាមួយម្ចាស់ផ្ទះ Crystal Palace នាយប់មិញនេះទៀត។

លទ្ធផល ០-០ នេះដែរ មានន័យថា Newcastle រកបាន ៣៩ពិន្ទុឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្ន ដោយចាញ់ក្រុមកំពូលតារាង Arsenal ត្រឹមតែ ៨ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី២០ ជើងទី២ ដ្បិតកាំភ្លើងធំនៅសល់ ២ប្រកួតក្នុងដៃ។

ចំណែកឯគូប្រជែង Crystal វិញ ពុំទាន់រកបានជ័យជម្នះនៅឡើយទេសម្រាប់ឆ្នាំថ្មី ២០២៣ នេះ និងជាការរកបាន ១ពិន្ទុជាលើកទី២ សម្រាប់ពួកគេផងដែរក្នុងការលេងទល់នឹងក្រុមនៅតំបន់ Top-4 ក្នុងគម្លាត ៤ថ្ងៃប៉ុណ្ណោះ ក្រោយពេលស្មើជាមួយ Manchester United កាលពីរាត្រីថ្ងៃពុធសប្តាហ៍នេះ។

ក្នុងជំនួបយប់មិញនេះដែរ ពួកគេត្រូវរង់ចាំដល់នាទី៧២ ពីការស៊ុតចំគោលដៅរបស់កីឡាករ Jean-Philippe Mateta ដែលត្រូវបានអ្នកចាំទី Nick Pope ជួយសង្រ្គោះបាន ដែលបច្ចុប្បន្ននេះធ្វើបាន Clean sheets ៩ប្រកួតមកហើយ (មិនរបូតគ្រាប់បាល់) គ្រាដែលការអវត្តមានតារាជើងស៊ុត Wilfried Zaha ដោយសាររបួសសរសៃពួរនោះ ធ្វើឲ្យ Crystal លំបាករកគ្រាប់បាល់ខ្លាំងឡើង៕