(ភ្នំពេញ)៖ នៅពេលដែលមានបទល្មើសព្រហ្មទណ្ឌកើតឡើង បុគ្គលដែលបានប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ហើយការទទួលខុសត្រូវព្រហ្មទណ្ឌ ឬការផ្ដន្ទាទោសនោះអាចធ្វើឡើងក្នុងរូបភាពផ្សេងៗគ្នាទៅតាមប្រភេទទោស និងប្រភេទបទល្មើសដែលខ្លួនបានប្រព្រឹត្តមានដូចជា ការទទួលខុសត្រូវលើសំណងរដ្ឋប្បវេណី ទោសពិន័យជាប្រាក់ ឫទោសដាក់ពន្ធនាគារ ជាដើម ។ ការដាក់ទោសពន្ធនាគារ គឺជាការដកហូតនូវសិទ្ធិសេរីភាពមួយចំនួន រួមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ  ហេតុនេះហើយទើបក្នុងរឿងក្តីព្រហ្មទណ្ឌ ជនជាប់ចោទត្រូវទទួលបានការគាំពារពីច្បាប់ តាមរយៈការទទួលបាននូវអត្ថប្រយោជន៍មួយហៅថា «វិមតិសង្ស័យ»

តើ វិមតិសង្ស័យ មានន័យយ៉ាងដូចម្ដេច? តើវិមតិសង្ស័យផ្ដល់នូវអត្ថប្រយោជន៍យ៉ាងដូចម្ដេចខ្លះដល់ជនជាប់ចោទ?

ដើម្បីស្រាយនូវចម្ងល់ខាងលើនេះ ក៏ដូចជាផ្ដល់នូវចំណេះដឹងផ្នែកច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និងនិសិ្សត កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ Fresh News និងក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិសម្រាប់សប្តាហ៍នេះសូមលើកយកប្រធានបទមួយស្តីពី វិមតិសង្ស័យ មកធ្វើការចែករំលែកដូចតទៅ។

មុននឹងធ្វើការបង្ហាញនូវប្រធានបទខាងលើ យើងត្រូវយល់ពាក្យវិមតិសង្ស័យជាមុនសិន។ យោងតាមវចនានុក្រមខ្មែរ បានផ្តល់និយមន័យថា វិមតិ ជាសេចក្តីសង្ស័យ ឬជាដំណើរការមានគំនិតផ្សេងគ្នា។  វិមតិសង្ស័យជាសេចក្តីសង្ស័យមិនដាច់ស្រេច។

គោលការណ៍វិមតិសង្ស័យ ត្រូវបានបញ្ញត្តិនៅក្នុងមាត្រា ៣៨ កថាខណ្ឌទី៦ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងមាត្រា ៣៥១ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញថា «វិមតិសង្ស័យ ត្រូវតែបានជាអត្ថប្រយោជន៍ដល់ជនជាប់ចោទជានិច្ច» ពោលគឺនៅចំពោះមុខតុលាការ តំណាងអយ្យការត្រូវទទួលបន្ទុកក្នុងការផ្ដល់នូវភស្តុតាងពិតប្រាកដ និងរឹងមាំ ដែលបង្ហាញច្បាស់លាស់ពីពិរុទ្ធភាពរបស់ជនជាប់ចោទ ហើយភស្តុតាងទាំងនោះត្រូវតែហួសពីវិមតិសង្ស័យ និងជឿទុកចិត្តបាន។ ដូចនេះក្នុងករណីដែលភស្ដុតាងដែលតំណាងអយ្យការលើកឡើងនោះមានភាពមិនច្បាស់លាស់ ឬមានភាពសង្ស័យដែលបញ្ជាក់ថា ជនជាប់ចោទមិនបានប្រព្រឹត្តបទល្មើសទេ នោះតុលាការត្រូវសម្រេចសេចក្ដីឱ្យជននោះរួចផុតពីបទចោទប្រកាន់។

ឧទាហរណ៍៖ បុរស ក និងបុរស ខ មានជម្លោះស្នេហាត្រីកោណជាមួយនឹងនារី គ ហើយបុរស ក ធ្លាប់បានគំរាមសម្លាប់បុរស ខ។ មួយសប្តាហ៍ក្រោយក៏មានករណីបាញ់សម្លាប់បុរស ខ នៅវេលាម៉ោង ១៩៖០០ នាទីយប់ និងមានភ្លៀងខ្លាំង ហើយមានសាក្សីម្នាក់បានឃើញហេតុការណ៍នោះ ដោយបានបំភ្លឺថា ខ្លួនបានឃើញបុរសម្នាក់មានរូបរាងប្រហាក់ប្រហែលនឹងបុរស ក បានបាញ់សម្លាប់ជនរងគ្រោះ ប៉ុន្តែដោយសារមេឃងងឹត ទើបមិនបានឃើញមុខជនសង្ស័យនោះទេ។ យោងតាមអង្គហេតុខាងលើនេះ ជាវិមតិសង្ស័យ ព្រោះចម្លើយរបស់សាក្សីមិនទាន់មានភាពរឹងមាំ និងជឿជាក់នោះទេ។

គោលការណ៍វិមតិសង្ស័យ បានផ្សារភ្ជាប់នឹងគោលការណ៍មួយទៀត គឺគោលការណ៍សន្មតជាមុនថាគ្មានទោស ដែលគោលការណ៍នេះមាននៅក្នុងមាត្រា ៣៨ កថាខណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញ ដោយបានបញ្ញត្តិថា ជនជាប់ចោទណាក៏ដោយ ត្រូវចាត់ទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ជាទូទៅបុគ្គល ដែលត្រូវបានចោទប្រកាន់ គឺជាអ្នកដែលធ្វើការបកស្រាយថាខ្លួនមិនបានប្រព្រឹត្តកំហុស ប៉ុន្ដែផ្ទុយទៅវិញនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ មិនត្រូវបានសន្មតជាមុនថាមានទោសនោះឡើយ លុះត្រាតែមានសាលក្រម ឬសាលដីកា ស្ថាពរ ពីស្ថាប័នតុលាការដែលសម្រេចថាជននោះពិតជាមានពិរុទ្ធភាព។

តាមទិដ្ឋភាពច្បាប់ ជនជាប់ចោទមិនមានបន្ទុកក្នុងការដើររកភស្ដុតាងដើម្បីបង្ហាញថាខ្លួនគ្មានទោសនៅចំពោះមុខតុលាការនោះទេ ពោលគឺស្ថាប័នអយ្យការ និងចៅក្រមស៊ើបសួរ (ភស្តុតាងដាក់បន្ទុក និងដោះបន្ទុក) ត្រូវទទួលបន្ទុកក្នុងការស្វែងរកភស្តុតាងដើម្បីបញ្ជាក់ថា ជនត្រូវចោទនោះពិតជាបានប្រព្រឹត្តបទល្មើសយ៉ាងប្រាកដមែន។

សរុបរួមមក គោលការណ៍វិមតិសង្ស័យនេះ មិនមែនត្រូវបានអនុវត្តតែនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ប៉ុន្ដែគោលការណ៍នេះត្រូវបានប្រើប្រាស់ជាសកល រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ ។ គោលបំណងចម្បងនៃគោលការណ៍វិមតិសង្ស័យ នេះ គឺមិនមែនដើម្បីព្យាយាមចោទប្រកាន់ ឬដាក់ទោសគ្រប់ជនជាប់ចោទទាំងអស់ដើម្បីការពារយុត្តិធម៌នោះទេ តែគោលបំណងពិតប្រាកដនោះគឺដើម្បីស្វែងរកការពិត និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ និងជៀសវាងការសម្រេចផ្តន្ទាទោសទៅលើជនជាប់ចោទដោយមិនមានភស្តុតាងរឹងមាំនិងគ្រាន់តែមានមន្ទិលសង្ស័យតែប៉ុណ្ណោះ ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក គន្ធ មូលសក្ដា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected]  គេហទំព័រ៖ www.ciclg.com (http://www.ciclg.com/), ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕