(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញគម្រោង Apple Car ជាផ្លូវការ និងបានបញ្ជាក់ថា វានឹងបង្ហាញខ្លួននៅឆ្នាំ២០២៤ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ទេថា គម្រោង Apple Car ជាអ្វីឱ្យប្រាកដ។

ចាប់តាំងពី Apple បានប្រកាសបង្ហាញគម្រោងមួយនេះជាផ្លូវការមក ព័ត៌មានបែកធ្លាយជាច្រើនក៏បានលេចឡើង ក្នុងនោះដូចជា ក្រុមហ៊ុន Apple បានសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group និងបានផ្ដល់សិទ្ធិឱ្យ​ក្រុមហ៊ុន Kia ដែល​ជាបុត្រសម្ព័ន្ធក្នុងការទទួលផលិតគម្រោងនេះ។ ប៉ុន្តែក្រោយមក ក៏មានព័ត៌មានថ្មីថា Apple ជាអ្នកទទួលបន្ទុកផលិត Apple Car ដោយផ្ទាល់។

កាលពីដើមឆ្នាំ២០២២ មានរបាយការណ៍ជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន​ Apple នឹងផលិតរថយន្ត​អគ្គិសនីបើកបរដោយស្វ័យប្រវត្តិ និងមិនមែនជារថយន្តអគ្គិសនីបើកបរដោយមនុស្សនោះទេ។ ពាក់ព័ន្ធនឹង​​ព័ត៌មាន​នេះ​ផងដែរ លោក Tim Cook បានឆ្លើយនៅក្នុងកិច្ចសម្ភាន៍មួយជាមួយនឹងសំណួរថា តើក្រុមហ៊ុន Apple ផលិតរថយន្តដោយខ្លួនឯង ឬផលិតបច្ចេកវិទ្យារថយន្ត? ចម្លើយនោះគឺថា «យើង (Apple) ចូលចិត្តធ្វើសមាហរណកម្មបច្ចេកវិទ្យា មិនថា Hardware, Software និងសេវាកម្ម។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា គឺជាការបង្កើតវេទមន្តមួយដ៏អស្ចារ ដូច្នេះហើយយើងចូលចិត្តធ្វើរឿងដែលអស្ចារ្យ និងវេទមន្ត»

យោងតាមចម្លើយនេះគឺសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន​ Apple អាចនឹងផលិតរថយន្តមួយដែលអស្ចារ្យជាងរថយន្តដែលមាន​នាពេលបច្ចុប្បន្ន ប៉ុន្តែយើងមិនច្បាស់ថា វាជារថយន្តអគ្គិសនី ឬរថយន្តបើកបរដោយស្វ័យប្រវត្តិ ឬរថយន្តសម្រាប់មនុស្សប្រើប្រាស់​នោះទេ។

យោងតាមព័ត៌មានដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Apple ពិតជាមានគម្រោងផលិត​រថយន្ត​ Apple Car ដោយខ្លួនឯងពិតមែន។ ប្រភពបែកធ្លាយបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple បានសិក្សា និងស្រាវជ្រាវទៅលើគម្រោង Apple Car តាំងពីឆ្នាំ២០១៤ និងនៅឆ្នាំ២០១៦ ក្រុមហ៊ុន Apple បានស្វែងរកដៃគូរសហការទៅលើគម្រោងមួយនេះ ប៉ុន្តែ Apple បានផ្លាស់ប្ដូរចិត្តវិញ ដោយងាកមកបន្តការស្រាវជ្រាវដោយខ្លួនបន្តទៀត។

របាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា ត្បិតតែគម្រោង Apple Car បានជួបប្រទះនឹង​បញ្ហាមួយចំនួនដូចជាកូវីដ១៩, ខ្សែ​សង្វាក់ផលិកម្ម​ និងផ្គត់ផ្គង់ក្ដី ប៉ុន្តែ Apple បានព្យាយាមជំរុញគម្រោងមួយនេះឱ្យដំណើរការទៅមុនជានិច្ច និងដើម្បីដាក់បង្ហាញ​ឱ្យ​ទាន់ពេលវេលា៕