(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បន្តរកបាន ៣ពិន្ទុបន្ថែម ដើម្បីបន្តនាំមុខដាច់កំពូលតារាង Premier League ៥ពិន្ទុពីក្រុមលេខ២ Manchester City បន្ទាប់ពីយកឈ្នះគូប្រជែង Manchester United ៣ទល់នឹង២ នាយប់មិញនេះ។

នេះជាការសងសឹកបានសម្រេចវិញរបស់ក្រុមលោក Mikel Arteta ក្នុងទឹកដីរបស់ខ្លួន ក្រោយពេលចាញ់ ៣-១ ក្នុងកីឡដ្ឋាន Old Trafford កាលពីជើងទី១ ក្នុងលីគនារដូវកាលឆ្នាំ២០២២-២០២៣ នេះ។

គិតត្រឹមសប្តាហ៍ទី១៩ ដែលនៅសល់ ១ប្រកួតក្នុងដៃផងនោះ Arsenal រកបាន ៥០ពិន្ទុ ច្រើនជាង ១៥ពិន្ទុបើធៀបទៅនឹង ១៩ប្រកួតនេះដូចគ្នាកាលពីរដូវកាលមុន គ្រាដែលក្រុមការពារតំណែងជើងឯក Man City ដែលមាន ៤៥ពិន្ទុតាមពីក្រោយ នៅពេលយកឈ្នះគូប្រជែង Wolverhampton Wanderers ក្នុងលទ្ធផល ៣-០។

កីឡាករ Eddie Nketiah ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០ ក្នុងការរកបាន ៣ពិន្ទុបន្ថែមទៀត ដើម្បីប្រជែងជើងឯក Premier League រដូវកាលនេះ ដ្បិតខកខានតាំងពីរដូវកាលឆ្នាំ២០០៣-២០០៤ មកម្ល៉េះ៕