(រីយ៉ាដ)៖ ខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo បានចាប់ផ្តើមលេង ១ប្រកួតដំបូងក្នុងលីគ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត ដោយបានជួយក្លិប Al Nassr យកឈ្នះ Ettifaq ក្នុងលទ្ធផល ១ទល់នឹង០ នារាត្រីថ្ងៃអាទិត្យ។

ប្រធានក្រុមអន្តរជាតិព័រទុយហ្គាល់ វ័យ ៣៧ឆ្នាំខាងលើនេះ បានបង្ហាញខ្លួន ៩០នាទីពេញពីការលេងក្នុងលីគអាស៊ីលើកដំបូង គ្រាដែលខ្សែបម្រើសញ្ជាតិប្រេស៊ីល Talisca ជាអ្នករកបានគ្រាប់ជ័យជម្នះ ក្នុងការក្តោបក្តាប់តំណែងកំពូលតារាងពីក្រុមលេខ២ Al Hilal បើទោះបីជាមានពិន្ទុលើសតែ ១ពិន្ទុក៏ដោយ ក្រោយឆ្លងកាត់ ១៤ប្រកួតមកនេះ។

Cr7 ដែលធ្លាប់លេងឲ្យក្លិបធំៗនៅអឹរ៉ុបមានដូចជា Manchester United, Real Madrid និង Juventus ផងនោះ ត្រូវបានអ្នកគាំទ្រជាច្រើនលើកបដាស្វាគមន៍យ៉ាងកក់ក្តៅក្នុងកីឡដ្ឋាន King Saudi University ស្ថិតក្នុងទីក្រុង Ryadh ដូចទៅនឹងការស្វាគមន៍ និងស៊ុតបាន ២គ្រាប់ផងដែរ ក្នុងប្រកួត Ryadh All-Star XI’s ប្រកួតចាញ់ក្រុម Paris Saint-Germain ដែលមាន Lionel Messi នៃជំនួបតាំងពិព័រណ៍កាលពីរាត្រីថ្ងៃព្រហស្បតិ៍ផងដែរ។

នៅចាំបានថា Cristiano Ronaldo មានកិច្ចសន្យាជាមួយក្លិប Al Nassr រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងតម្លៃពលកម្មដែលត្រូវបានគេរាយការណ៍ថា មានដល់ទៅ ១៧៧លានផោនក្នុង ១ឆ្នាំឯណោះ៕