(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានប្រកាសបង្ហាញនាពេលថ្មីៗនេះថា Twitter គ្រោងដាក់ចេញនូវមុខងារបង់ប្រាក់ថ្មី(subscription) ដែលមានតម្លៃថ្លៃជាងមុនប្រហែលពាក់កណ្តាល ប៉ុន្តែនឹងចេញមកជាមួយនឹងការផ្សាយពាណិជ្ជកម្មតិចជាងមុនដល់អ្នកប្រើប្រាស់ រួមទាំងជម្រើសគ្មានការផ្សាយពាណិជ្ជកម្មផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះនៅលើ Twitter របស់លោក Elon Musk បានឱ្យដឹងសេវាកម្មថ្មីនេះគឺស្ថិតក្នុងគម្រោង Twitter Blue នឹងមានតម្លៃ ១១ដុល្លារក្នុងមួយខែដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងសហរដ្ឋអាមេរិកជាមួយនឹងកម្រិតគ្មានការផ្សាយពាណិជ្ជកម្ម។ មិនខុសពីរាល់ដងនោះទេ Twitter នឹងដាក់ឱ្យប្រើប្រាស់ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ស្ថិតនៅក្នុងជម្រើសដូចគ្នា នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ Twitter។

តែយ៉ាងណាអ្នកប្រើប្រាស់ក៏អាចប្រើប្រាស់ជម្រើសបង់ប្រាក់ ៨ដុល្លារក្នុងមួយខែបានផងដែរ ប៉ុន្តែ Twitter បានគូសបញ្ជាក់ថា វានឹងចេញមកជាមួយជម្រើសផ្សាយពាណិជ្ជកម្ម ប៉ុន្តែស្ថិតក្នុងកម្រិតទាប និងតិចជាងមុន។

គួរបញ្ជាក់ដែរថា សេវាកម្ម Twitter Blue បច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក កាណាដា អង់គ្លេស នូវែលសេឡង់ អូស្រា្តលី និងជប៉ុនជាដើម៕